×

គ្រូ Arsenal បង្ហាញភាពភ្ញាក់ផ្អើលចំពោះកូនក្រុម ក្រោយយកឈ្នះ Chelsea នៅ Premier League កាលពីយប់មិញ

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការលេងយ៉ាងល្អរបស់កូនក្រុម នៅពេលពួកគេប្រកួតយកឈ្នះ Chelsea ដោយលទ្ធផលដល់ទៅ ៥-០ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។

ជាការពិត បន្ទាប់ពីមានលទ្ធផលដ៏ខកចិត្តដោយចាញ់ Bayern Munich ធ្លាក់ពីពានរង្វាន់ UEFA Champions League នៅវគ្គ៨ក្រុមចុងក្រោយមក Arsenal បានស្វះស្វែងរកជ័យជម្នះមកវិញ ដោយបានឈ្នះ Wolverhampton និងបន្តមកឈ្នះ Chelsea ក្នុងលទ្ធផលយ៉ាងធំ ក្នុងក្របខណ្ឌ Premier League ។

ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Emirates នោះ Leandro Trossard ជាអ្នករកគ្រាប់បើកឆាក នៅនាទី៤ នៃវគ្គទី១។ នៅវគ្គទី២ Ben White បានបន្ថែមគ្រាប់ទី២ មុនពេល Kai Havertz បន្ថែមគ្រាប់ទី៣ឱ្យក្រុមកាំភ្លើងធំដែលជាម្ចាស់ផ្ទះ។ សម្រាប់ក្រុមតោខៀវវិញ ហាក់មិនមានសំណាងស៊ុតបញ្ចូលទីគូប្រជែងបានសម្រេចទេ ហើយថែមទាំងរបូត២គ្រាប់បន្ថែមទៀត ដែលស៊ុតបញ្ចូលទីដោយ Kai Havertz នៅនាទី៦៥ និង Ben White នៅនាទី៧០ មុនពេលបញ្ចប់ការប្រកួតដោយលទ្ធផល Arsenal ៥ Chelsea ០។

ការលេងដ៏ល្អបែបនេះ បានធ្វើឱ្យលោក Mikel Arteta មានភាពសប្បាយរីករាយ និងភាពភ្ញាក់ផ្អើលផងដែរ ដោយសឹងមិនជឿថា កូនក្រុមអាចយកឈ្នះគូប្រជែងជើងខ្លាំងដូចជា Chelsea ជាមួយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ច្រើន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងក្រោយចប់ការប្រកួតថា៖ “ខ្ញុំភ្ញាក់ផ្អើលមែនទែន។ ពួកយើងមានការខកចិត្តនាពេលកន្លងមក ប៉ុន្តែវាបានផ្លាស់ប្តូរក្នុងរយៈពេលចុងក្រោយនេះ។ អ្វីដែលកូនក្រុមខ្ញុំបានធ្វើ ពេលយើងសម្លឹងមើលចំនួនគ្រាប់បាល់ វាជារឿងសឹងមិនគួរឱ្យជឿ ប៉ុន្តែពួកគេបានដាក់គោលដៅសម្រេចវា។ ពួកគេមានផ្លូវចិត្តរឹងមាំ ហើយនេះជាអ្វីដែលខ្ញុំរីករាយ។”

សម្រាប់ជ័យជម្នះនេះដែរ Arsenal នៅឈរកំពូលតារាង Premier League មាន៧៧ពិន្ទុ ក្រោយឆ្លងកាត់ ៣៤ប្រកួត ពីលើ Liverpool ចំនួន៣ពិន្ទុ តែ Liverpool លេងយឺតជាង១ប្រកួត។ ចំណែកឯ Chelsea នៅឈរលេខ៩មាន ៤៧ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង