លោក Juergen Klopp បានសូមទោសអ្នកគាំទ្រ Liverpool បន្ទាប់ពីចាញ់ក្រុម Everton ២-០ ក្នុងជំនួប Merseyside Derby។ បរាជ័យនេះ ធ្វើអោយ Liverpool ខើចឱកាស ក្នុងការប្រជែងជើងឯក Premier League រដូវកាល ២០២៣-២៤។
Jarrad Branthwaite និង Dominic Calvert-Lewin រកបាន១គ្រាប់ម្នាក់ជួយ Everton ឈ្នះ Liverpool ២-០ ក្នុងជំនួបលីគសប្តាហ៍៣៤។ ការឈ្នះ បានជួយ Everton មានលំនឹងក្នុងតំបន់សុវត្ថិភាពពីការកាត់ចោលទៅលីគទី២រដូវកាលក្រោយ ប៉ុន្តែ បានបង្អាក់ Liverpool ដើម្បីប្រជែងជើងឯក នឹង Arsenal និង Manchester City។
ឆ្លើយនឹងសំណួរអ្នកកាសែត លោក Klopp ដែលមើលទៅហាក់ដូចបង្ហាញក្តីអស់សង្ឃឹម រៀបរាប់ថា “ខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់សុំទោសអ្នកគាំទ្រ សម្រាប់បរាជ័យនេះ។ សមាជិកក្រុម ពិតជាដឹងថាវាលំបាកប៉ុណ្ណា និងខកចិត្តប៉ុណ្ណា។ យើងចង់បានលទ្ធផលប្រសើរជាងនេះ ប៉ុន្តែយើងធ្វើមិនបាន។”
មកទល់ពេលនេះ Liverpool បានធ្លាក់ទៅលេខ៣ មាន៧៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៤លើកដូចគ្នា៕