×

Nottingham Forest ទាមទារឱ្យ Premier League បញ្ចេញការសន្ទនារបស់មន្ត្រីអាជ្ញាកណ្ដាលក្នុងជំនួបទល់នឹង Everton

ក្លិបបាល់ទាត់ Nottingham Forest បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយការបរាជ័យក្រោមថ្វីជើង Everton ទាំងមិនអស់ចិត្ត ដោយសុំអោយបញ្ចេញការសន្ទនារបស់មន្ត្រីអាជ្ញាកណ្តាលអំឡុងការប្រកួត។

 

ជាការពិត Nottingham Forest បានបរាជ័យក្រោមថ្វីជើង Everton ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីចុងសប្តាហ៍មុន ដែលធ្វើអោយពួកគេបាត់បង់អស់៣ពិន្ទុ។ គ្រាប់បាល់របស់ Idrissa Gueye និង Mwight Mcneil បានធ្វើអោយ Everton ទទួលបានជ័យជំនះសម្រាប់ការប្រកួតនាកីឡដ្ឋាន Goodison Park ។

 

ឥឡូវនេះ Nottingham Forest បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយអះអាងថា ពួកគេសាកសមទទួលបានបាល់ពិន័យ១១ម៉ែត្រ ៣លើក ក្នុងការប្រកួតទល់នឹង Everton ដូច្នេះក្លិបទាមទារអោយស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការបញ្ចេញនូវការសន្ទនា របស់មន្ត្រីអាជ្ញាកណ្តាល អំឡុងកាត់សេចក្តីការប្រកួត ដើម្បីធ្វើអោយពួកគេអស់មន្ទិលសង្ស័យ និងអាចទទួលយកលទ្ធផល បានដោយពេញចិត្ត។ 

 

យ៉ាងណាមិញ ក្រោយសេចក្តីថ្លែងការណ៍របស់ក្លិប Nottingham Forest ក្របខណ្ឌ  Premier League ក៏បានធ្វើការឆ្លើយតបទៅកាន់ Nottingham Forest វិញដោយអះអាងថា “Premier League មានការខកចិត្តជាខ្លាំងនឹងសេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ Nottingham Forest  ជុំវិញការប្រកួតទល់នឹងក្រុម Everton ។ ពួកយើងបានធ្វើការបញ្ជាក់ជាមួយនឹង FA ដើម្បីធ្វើការសើបអង្កេតទៅលើសេចក្តីថ្លែងការណ៍របស់ក្លិប។ វាមិនសមស្របទេក្នុងការសួរសំណួរមិនត្រឹមត្រូវអំពីភាពត្រឹមត្រូវរបស់មន្ត្រីនៃការប្រកួត ហើយលក្ខណៈនៃការបញ្ចេញមតិទាំងនេះមានន័យថា Premier League ក៏នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះទាក់ទងនឹងច្បាប់របស់ League ផងដែរ។”

 

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ Nottingham Forest កំពុងឈរលេខ១៧ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន២៦ពិន្ទុ ខណៈ  Everton នៅលេខ១៦ មាន៣៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង