×

Leicester City ជាក្រុមដំបូងដែលនឹងវិលមកកាន់ក្របខណ្ឌ Premier League វិញនៅរដូវកាលក្រោយ

Leicester City បានធានាបាននូវការឡើងទៅកាន់ក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិ សម្រាប់រដូវកាល ២០២៤-២៥ បន្ទាប់ពីអវត្តមានមួយឆ្នាំ។

ក្រុមរបស់លោក Enzo Maresca បានវិលត្រលប់មកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីក្រុម Leeds United ចាញ់ក្រុម Queens Park Rangers ក្នុងលទ្ធផល ៤-០ ។

វាជាការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League ជាលើកដំបូងសម្រាប់ Leicester ដែលត្រូវបានធ្លាក់ទៅក្របខណ្ឌលីគទីពីរ កាលពីរដូវកាល ២០២២-២៣។

Leicester City ទទួលបានការឡើងទៅកាន់ក្របខណ្ឌ Premier League ចំនួន ៥ ដង ដែលជាកំណត់ត្រារួម ជាមួយក្រុម Norwich City និងក្រុម West Bromwich Albion ។

រដូវកាល ២០២៤-២៥ នឹងក្លាយជារដូវកាលទី១៨ របស់ក្រុមរហស្សនាមកញ្ជ្រោងខៀវ ក្នុងក្របខណ្ឌ Premier League ។ ពួកគេបានបង្កការភ្ញាក់ផ្អើល កាលពីរដូវកាល ២០១៥-១៦ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Premier League ក្រោមការដឹកនាំរបស់លោក Claudio Ranieri ។

តាមពីក្រោយក្រុម Leicester City ដែលមាន ៩៤ ពិន្ទុ ក្រុម Leeds United និង Ipswich Town កំពុងប្រជែងយកចំណាត់ថ្នាក់លេខ ២ ដើម្បីឈានទៅក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិផងដែរ ខណៈក្រុមទាំងពីរកំពុងមាន ៩០ពិន្ទុដូចគ្នា ប៉ុន្តែ Ipswich សល់មួយប្រកួតក្នុងដៃ។

សម្រាប់ចំណាត់ថ្នាក់លេខ៣ ដល់លេខ៦ នឹងត្រូវប្រកួត Playoffs រួមមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកកៅអីចុងក្រោយ សម្រាប់ឈានទៅក្របខណ្ឌ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង