Manchester City បំបាក់ Nottingham Forest ដោយលទ្ធផល ២-០ នៅក្នុងជំនួបក្របខណ្ឌ Premier League ដើម្បីបន្តដាក់សម្ពាធលើ Arsenal ដែលកំពុងឈរកំពូលតារាង ខណៈលោក Pep Guardiola និយាយថា ក្រុមត្រូវតែបន្តដណ្តើម៣ពិន្ទុគ្រប់ការប្រកួតដែលនៅសល់។
ជាការពិត ការប្រកួតនៅកីឡដ្ឋាន City Ground កាលពីយប់មិញ Man City បានគ្របសង្កត់ការប្រកួតលើ Nottingham Forest ដោយត្រឹមនាទី៣២នៃវគ្គទី១ ពួកគេបាននាំមុខដោយគ្រាប់បាល់របស់ Joško Gvardiol ។ នៅវគ្គទី២នាទី៧១ Man City បន្តរកគ្រាប់បាល់គ្រាប់ទី២ដោយ Erling Haaland ខណៈក្រុមម្ចាស់ផ្ទះ មិនអាចរកគ្រាប់បាល់បាននោះទេ។ លទ្ធផល ២-០ បានរក្សាដល់ចប់ការប្រកួតតែម្តង។
Man City បន្តដេញតាមដាក់សម្ពាធលើ Arsenal ដោយមានគម្លាតពិន្ទុត្រឹមតែ ១ពិន្ទុ ស្ថិតនៅលេខ ២។ លោក Pep Guardiola ថ្លែងក្រោយចប់ការប្រកួត ជាមួយភាពរីករាយថា៖ “៣ពិន្ទុនេះហើយគឺជាសេចក្តីថ្លែងការណ៍ពេលនេះ។ វានៅសល់ការប្រកួត មិនច្រើនទេ យើងដឹងថាវានឹងតានតឹង ដូច្នេះយើងត្រូវឈ្នះលើគ្រប់គ្នា។ គ្រប់ការប្រកួតយើងជិតទៅដល់ហើយ។”
Arsenal ទើបតែឈ្នះ Tottenham Hotspur ៣-២ ឈរកំពូលតារាងជាមួយ ៨០ពិន្ទុ ខណៈនៅសល់ត្រឹមតែ ៣ប្រកួតក្នុងដៃប៉ុណ្ណោះ ចំណែក Man City លេខ ២ មាន ៧៩ពិន្ទុ និងលេងតិចជាងមួយ។ យ៉ាងណា សម្រាប់ Liverpool វិញ លោក Jurgen Klopp ធ្លាប់បាននិយាយថា ការប្រជែងពាននឹងអាចកើតឡើងពេលដែល Arsenal និង Man City ភ្លាត់ស្នៀតចាញ់ការប្រកួតណាមួយ ខណៈ Liverpool នៅលេខ៣មាន៧៥ពិន្ទុ លេងបាន៣៥ប្រកួត។
បន្ទាប់ពីការប៉ះ Spurs រួច Arsenal ត្រូវបន្តជួបក្រុមប្រជែងដ៏ខ្លាំងមួយទៀតនោះគឺ Man United នៅក្នុងការប្រកួតទី៣៧ របស់ពួកគេ ដែលរឿងនេះហើយ នឹងអាចបង្កបញ្ហាដល់ក្រុមដឹកនាំដោយលោក Arteta អាចនឹងរបូតពានចេញពីដៃថែមទៀត ក្នុងរដូវកាលនេះ៕