ក្លិប Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Arne Slot គ្រូបង្វឹក Feyenoord ក្នុងការនាំយករូបលោកមកជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងចាកចេញក្រោយចប់រដូវកាល ២០២៣-២៤។
តាមសារព័ត៌មាននៅអង់គ្លេស បុរសវ័យ ៤៥ឆ្នាំ ដែលកំពុងមានកុងត្រាជាមួយក្លិប Feyenoord រយៈពេល ២ឆ្នាំទៀតនោះ បានយល់ព្រមលើសំណើរបស់ក្លិប Liverpool។ តម្លៃដែលនឹងនាំយកលោក Slot ពីក្លិបស្ថិតក្នុងលីគកំពូលហូឡង់ មានចំនួន ៩,៤លានផោន។
មុនពេលមានសេចក្តីប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង លោក Slot ក៏ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយ Liverpool។ យ៉ាងណាក៏ដោយ ក្រោយមិនបានប៉ុន្មានការប្រកាស ច្បាស់លាស់បានកើតឡើងពិតមែន។
លោក Slot បានអះអាងថាការងារនៅក្នុងទឹកដីកីឡដ្ឋាន Anfield លោកមានភាពជឿជាក់ខ្លាំងបំផុតថានឹងជោគជ័យ។ បុរសវ័យ ៤៥ឆ្នាំ បាននិយាយដូច្នេះថា៖ “ខ្ញុំពិតជាចង់ទៅកាន់ក្លិប Liverpool។ ពេលនេះខ្ញុំកំពុងតែទន្ទឹង រង់ចាំមើលថា ក្លិបអាចឈានដល់កិច្ចព្រមព្រៀ ងឬយ៉ាងណា។ ខ្ញុំពិតជាជឿជាក់សម្រាប់រឿងនេះ។”
ចូលដឹកនាំ Feyenoord ក្នុងឆ្នាំ ២០២១ ក្រោយពីបានដឹកនាំ AZ Alkmaar នឹងបង្កើតភាពភ្ញាក់ផ្អើលជាច្រើនរួច មកនោះ លោក Slot ក៏បានដឹកនាំក្លិបហូឡង់មួយនេះ ឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅរដូវកាលដំបូងថែមទៀត។
កាលពីរដូវកាលមុន លោក Slot បានជួយ Feyenoord ឈ្នះពាន លីគជាលើកទី២ ក្នុងរយៈពេល ២៤ឆ្នាំ មុនពេលបន្តកុងត្រា ៣ឆ្នាំ បន្ថែម។
ដោយឡែក លោក Jurgen Klopp នឹងចុះចេញពីតំណែងនៅ Liverpool ក្រោយចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេលដឹកនាំរយៈពេល ៩ឆ្នាំ។ លោក Klopp បានជួយ Liverpool ឈ្នះ Champions League ក្នុងឆ្នាំ ២០១៩ និង Premier League ឆ្នាំ ២០២០៕