×

Man Utd បើកចំហរចំពោះសំណើសម្រាប់កីឡាករស្ទើរទាំងអស់ក្នុងក្រុម

ក្រុម Manchester United មានឆន្ទៈក្នុងការស្តាប់សំណើស្ទើរតែទាំងអស់សម្រាប់កីឡាករក្នុងក្រុមឈុតធំរបស់ពួកគេនៅរដូវក្តៅនេះ ខណៈលោក Jim Ratcliffe មានបំណងធ្វើឱ្យក្លិបត្រឡប់ទៅរកភាពជោគជ័យដូចពីមុន។

Marcus Rashford ត្រូវបានរាយការណ៍ថាស្ថិតក្នុងបញ្ជីលក់ចេញផងដែរ ទោះបីជាប្រភពរបស់ក្លិបអះអាងថា ពួកគេចង់រក្សាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។ ក្រុម Paris St-Germain ធ្លាប់មានទំនាក់ទំនងជាមួយ Rashford ។

ក្នុងចំណោមកីឡាករ១១នាក់ដំបូងរបស់អ្នកចាត់ការទូទៅ Erik ten Hag កីឡាករវ័យក្មេង Rasmus Hojlund, Kobbie Mainoo និង Alejandro Garnacho មិនស្ថិតក្នុងការលក់ចេញនោះទេ។

លោក Ten Hag នឹងពិភាក្សាជាមួយនាយកបច្ចេកទេសថ្មី Jason Wilcox អំពីស្ថានភាពដែលក្រុមរបស់គាត់កំពុងប្រឈមមុខ។ ជាមួយនឹងច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) សម្រាប់រដូវកាលក្រោយ ក្លិបត្រូវប្រុងប្រយ័ត្នចំពោះការចំណាយរបស់ខ្លួន ខណៈក្រុមបិសាចក្រហមបានបាត់បង់កៅអីមួយនៅក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។

Man Utd ត្រូវបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League ឬផ្តួលក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដើម្បីឈានទៅលេងក្របខណ្ឌ Europa League ។ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៦ នាំមុខក្រុម Newcastle ១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង