×

ក្លិបនៅ Premier League រួមគ្នាបោះឆ្នោតយល់ព្រមអនុវត្តគោលការណ៍ចំណាយថ្មី

ក្លិបនានានៅក្របខណ្ឌ Premier League បានយល់ព្រមលើគោលការណ៍ថ្មី ក្នុងការអនុវត្តលើការចំណាយ បន្ទាប់ពីការបោះឆ្នោតចុងក្រោយទទួលបានការគាំទ្រភាគច្រើន។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC នៅអង់គ្លេស។

ក្លិបដែលកំពុងលេងនៅលីគកំពូលអង់គ្លេសចំនួន១៦ក្លិប បានព្រមព្រៀងគ្នាជាបណ្តោះអាសន្ន ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលពួកគេអាចចំណាយ ដោយកំណត់ និងផ្អែកលើចំនួនប្រាក់ចំណូលដែលក្លិបរកបានទាបបំផុតក្នុងលីគ និងប្រាក់ចំណូលទទួលបានពីសិទ្ធិផ្សព្វផ្សាយទូរទស្សន៍។

គម្រោងនេះ ត្រូវបានយកទៅពិភាក្សា នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនកំពូលរបស់ក្លិបអង់គ្លេសដែលស្ថិតនៅទីក្រុងឡុងដ៍ ដោយបន្ថែមថា វាអាចចូលជាធរមាននៅដើមរដូវកាល ២០២៥-២៦ ខាងមុខ។

គោលការណ៍ថ្មីនេះ នឹងកំណត់ចំនួននៃការចំណាយរបស់ក្លិបទៅលើ ការទិញលក់កីឡាករ ក៏ដូចជាការចំណាយទៅលើភ្នាក់ងារស្វែងរកកីឡាករផងដែរ។ វានឹងអាចជួយក្លិបបញ្ចៀសនូវបញ្ហា ការចាយវាយលើសកំណត់ និងការខាតបង់ ដែលករណីនេះគេបានឃើញក្លិប Everton និង Nottingham Forest បានទទួលរងពិន័យដកពិន្ទុពីស្ថាប័ន Premier League រួចហើយ ក្រោយពីក្លិបទាំង២បានល្មើសច្បាប់ការចាយវាយ ការខាតបង់នេះ។

យ៉ាងណា មានក្លិបធំៗដូចជា Manchester City, Manchester United និង Aston Villa មិនបានបោះឆ្នោតគាំទ្រគោលការណ៍ថ្មីនោះទេ ស្របពេលក្លិប Chelsea បានធ្វើការបដិសេធរឿងនេះទាំងស្រុងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង