×

ខ្សែការពារ Thiago Silva ប្រកាសចាកចេញពី Chelsea នៅដំណាច់រដូវកាលនេះ

ខ្សែការពារចាស់វស្សា Thiago Silva បានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Chelsea នៅដំណាច់រដូវកាលនេះ ក្រោយពីបានចាយពេល៤ឆ្នាំ លេងនាទឹកដី Stamford Bridge។

ទោះបានប្រកាសចាកចេញពី Chelsea ប៉ុន្តែ Thiago Silva បានបង្ហើបពីក្តីរំពឹងថា រូបគេអាចនឹងត្រឡប់មករួមការងារជាមួយក្លិបវិញ ក្នុងតួនាទីផ្សេង។

ទាក់ទិននឹងរឿងនេះ កីឡាករវ័យ ៣៩ ឆ្នាំ បានឱ្យដឹងថា៖ “Chelsea មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានមកទីនេះដោយមានបំណងស្នាក់នៅត្រឹមតែមួយឆ្នាំ តែវាបានបញ្ចប់ទៅ ៤ ឆ្នាំ។ ខ្ញុំ តែងតែផ្តល់ឱ្យក្លិបនូវអ្វីគ្រប់យ៉ាង ប៉ុន្តែវាមកដល់ពេលបញ្ចប់របស់ខ្ញុំជាមួយក្លិបហើយ។ យ៉ាងណា ខ្ញុំសង្ឃឹមថា នៅពេលអនាគត ខ្ញុំអាចត្រលប់វិញ ក្នុងតួនាទីថ្មី ក្រៅពីជាកីឡាករ។”

Thiago Silva បានចូលរួម Chelsea ដោយផ្លាស់មកពី Paris St Germain ដោយមិនមានតម្លៃខ្លួន កាលពីខែសីហា ឆ្នាំ ២០២០ អំឡុងការដឹកនាំរបស់លោក Frank Lampard។

រូបគេបានបន្តលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដទៃទៀតនៅ Chelsea ដូចជាលោក Thomas Tuchel, Graham Potter និងលោក Mauricio Pochettino ។

រយៈពេល៤ឆ្នាំកន្លងមក Thiago Silva បានបង្ហាញខ្លួន ១៥១ ប្រកួតឱ្យក្លិបតោខៀវ និងបានរួមចំណែកឈ្នះពានរង្វាន់ UEFA Champions League, FIFA Club World Cup និង `UEFA Super Cup ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង