×

ក្លិបអង់គ្លេស ស្នើសុំរដ្ឋាភិបាលការពារវប្បធម៌ពាន FA Cup

ក្លិបតូចធំជាង ២០ក្លិប នៅអង់គ្លេស និងក្រុមយុទ្ធនាការ ការប្រកួតដោយយុត្តិធម៌ Group Fair Game បានស្នើសុំអោយមានវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងបាល់ទាត់ ដើម្បីការពារវប្បធម៌របស់ពានរង្វាន់ FA Cup ដែលប្រកួតឡើងវិញ ពេលក្រុមនីមួយៗប្រកួតស្មើគ្នាក្នុងវគ្គជម្រុះ។

 

យ៉ាងហោចមានប្រធានក្លិបជាង ២០ បានដាក់លិខិតស្នើទៅកាន់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីការប្រកាសលុបចោលការប្រកួតឡើងវិញ តាំងពីជុំទី១ នៃពានរង្វាន់ FA Cup កាលពីខែមេសា កន្លងទៅ។ មូលហេតុនៃការលុបចោលការប្រកួតឡើងវិញ ព្រោះតែបញ្ហា ធ្វើអោយមានភាពមមាញឹកទៅលើកាលវិភាគប្រកួត ផ្ទួនគ្នាទល់នឹងពាន UEFA Champions League។

 

ក្លិបតូចៗ បានអះអាងថា ការប្រកួតឡើងវិញ បានក្លាយជាប្រភពចំណូលដ៏ធំមួយសម្រាប់ពួកគេ ទៅលើសិទ្ធិការផ្សាយ និងថ្លៃលក់សំបុត្រផ្សេងៗ។  

 

ការប្រកួតឡើងវិញ ត្រូវបានក្លិបទាំងអស់នោះចាត់ទុកថាជាវប្បធម៌នៃពានរង្វាន់ FA Cup ហើយការលុបចោលប្រកួតនោះ បានធ្វើអោយពានរង្វាន់ វ័យចំណាស់របស់អង់គ្លេស ធ្លាក់តម្លៃ។ ស្ថាប័នក្របខណ្ឌលីគទីពីរអង់គ្លេស EFL បាននិយាយថា ខ្លួនបដិសេធទាំងស្រុងចំពោះការសម្រេចចិត្ត រវាងសមាគមបាល់ទាត់អង់គ្លេស FA និង Premier Leagueនៃការលុបចោលការប្រកួតឡើងវិញ។

 

ទោះជាយ៉ាងនេះ FA បានចេញមុខបកស្រាយថា កាលវិភាគការប្រកួតថ្មីត្រូវបានសម្រេចដោយក្រុមប្រឹក្សាកីឡាអាជីព ដែលមានតំណាងមកពី Premier League និង EFL និងក្រុមប្រឹក្សារបស់ FA ដែលជាការប្រកួតថ្នាក់ជាតិ ក៏មានវត្តមានតំណាងផងដែរ។

 

ច្បាប់ការប្រកួត FA Cup ពីមុន ចាប់ពីវគ្គជម្រុះជុំទី៥ ទៅទើបគ្មានការប្រកួតឡើងវិញ ក្រោយលទ្ធផលស្មើ ប៉ុន្តែការលុបចោលតាំងពីជុំទីមួយ ធ្វើឱ្យក្លិបតូចៗខាតបង់ធំ។ លោក Erik ten Hag បានបង្ហាញចំណាប់អារម្មណ៍ ទៅលើការសម្រេចនេះថា ជារឿងសោកស្តាយសម្រាប់បាល់ទាត់អង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង