គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយថា ក្រុមរបស់លោក ត្រូវតែបង្ហាញរាល់បទពិសោធន៍ដែលពួកគេមាន សម្រាប់ប្រជែងនៅក្នុងការប្រកួតដែលនៅសល់ចុងក្រោយ ដើម្បីបំបាក់ក្រុម Arsenal ដណ្តើមពាន Premier League រដូវកាលនេះ។
ក្រុមមេឃខៀវ បច្ចុប្បន្នមានគម្លាតត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Arsenal ដែលមាន ៨៣ពិន្ទុក្នុងដៃ។ ទោះធ្លាប់ជួយ Man City ឈ្នះពាន Premier League ៥លើក និង ៣លើកជាប់គ្នារយៈពេល ៣រដូវកាលចុងក្រោយ លោក Pep Guardiola ទាមទារអោយកូនក្រុមបញ្ចេញរាល់បទពិសោធន៍ដែលមានកន្លងមក ដើម្បីប្រជែងតតាំងជាមួយ Arsenal។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ បាននិយាយដូច្នេះ “ខ្ញុំពេញចិត្តក្នុងការនិយាយថា ពិតណាស់ ប៉ុន្តែខ្ញុំមិនដឹងនោះទេ ពីបញ្ហានេះ។ យើងត្រូវតែបង្ហាញនូវភាពខ្លាំង គ្រប់ការប្រកួតបន្តបន្ទាប់។ យើងដឹងថា យើងត្រូវការដណ្តើមអោយខានតែបាន រាល់៣ពិន្ទុ ពីការប្រកួតនៅសល់។ ប៉ុន្តែ វានឹងលំបាកសម្រាប់យើង ព្រោះតែ Arsenal ជាក្រុមខ្លាំងមួយ និងជាបេក្ខភាពមួយ។”
ទោះបីជា Arsenal កំពុងស្ថិតនៅកំពូលតារាងពិតមែន ប៉ុន្តែក្រុមដឹកនាំដោយលោក Mikel Arteta បានឆ្លងកាត់ការប្រកួត ៣៦លើក រួចមកហើយ ខណៈ Man City លេងយឺតជាង១ប្រកួត ដែលជាឱកាសក្នុងការលើកពាន។ Arsenal ចង់ឃើញ Man City បរាជ័យក្នុងការប្រកួតណាមួយ ចំណោមការប្រកួតទាំង ៣ ដែលនៅសល់។
Man City មានឱកាសឈ្នះជើងច្រើនជាងក្រុម Arsenal ព្រោះពួកគេនៅសល់ការប្រកួត ១ ចំណេញក្នុងដៃ ប៉ុន្តែក៏ទាមទារលទ្ធផលឈ្នះចាំបាច់ ពីការប្រកួតដែលនៅសល់ទាំង អស់ខណៈ Arsenal ក៏មិនអាចបរាជ័យ ដើម្បីសម្លឹងមើលការឈ្នះពានលីគកំពូលអង់គ្លេសលើកដំបូងរយៈពេល២០ឆ្នាំ៕