×

គ្រូ Man Utd បញ្ជាក់ថា Bruno Fernandes រីករាយក្នុងការបន្តស្នាក់នៅ Old Trafford

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag ជឿជាក់ថាប្រធានក្រុម Bruno Fernandes បានប្តេជ្ញាចិត្តចំពោះការស្នាក់នៅជាមួយក្រុមបិសាចក្រហមនៅរដូវកាលក្រោយ។

Fernandes បានផ្តល់បទសម្ភាសន៍ដល់ DAZN កាលពីសប្តាហ៍មុនដែលគាត់ផ្ដល់នូវភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់នៅកីឡដ្ឋាន Old Trafford ។

យ៉ាងណា លោក Ten Hag និយាយថា សម្រង់សម្ដីរបស់គាត់បានចាកប្រធាន ហើយជឿជាក់ថា Fernandes ដែលមានកិច្ចសន្យាដល់ឆ្នាំ២០២៦ នឹងលេងរហូតដល់ដាច់កុងត្រា។ លោកបាននិយាយថា៖ “ខ្ញុំដឹងថាគាត់គឺជា Manchester United ហើយខ្ញុំគិតថាគាត់សប្បាយចិត្តណាស់ដែលបាននៅទីនេះ”។

គ្រូបង្វឹករបស់ United បាននិយាយការពារ Fernandes ម្តងហើយម្តងទៀត ដែលត្រូវបានរិះគន់ជាច្រើនដង ចាប់តាំងពីគាត់ទទួលបានតំណែងប្រធានក្រុមជំនួស Harry Maguire នៅដើមរដូវកាលនេះ។

កាលពីខែតុលា អតីតប្រធានក្រុមបិសាចក្រហម លោក Roy Keane បានអំពាវនាវឱ្យដកតំណែងប្រធានក្រុមចេញពីកីឡាករវ័យ ២៩ឆ្នាំរូបនេះ។

លោក Ten Hag គ្រូបង្វឹកសញ្ជាតិហូឡង់បានបន្ថែមថា៖ “ការទទួលខុសត្រូវគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតមួយ ដែលកីឡាករបាល់ទាត់កំពូលៗមាននាពេលបច្ចុប្បន្ននេះ ដើម្បីបង្ហាញ និងចែកចាយ”។

“ Bruno គឺជាគំរូដ៏ល្អសម្រាប់កីឡាករជាច្រើនទៀត។ គាត់គឺជាអ្នកប្រយុទ្ធពិតប្រាកដ។ កាលពីឆ្នាំមុន នៅពេលដែលយើងលេងទល់នឹង Brighton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ [FA Cup] គាត់បានលេងទាំងហើមកជើង។ វាមិនគួរឱ្យជឿ។ គាត់មិនអាចរត់បាន ប៉ុន្តែគាត់នៅតែនៅលើទីលាន៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង