លោក Jurgen Klopp បាននិយាយថា លោកនៅតែមិនផ្លាស់ប្តូរគំនិត ក្នុងការចាកចេញពីតំណែងជាគ្រូបង្វឹក Liverpool ទេ ក្រោយប្រកាសពីការសម្រេចចិត្តកាលពីខែកុម្ភៈរួចមក។
ការលើកឡើងរបស់បុរសជនជាតិអាល្លឺម៉ង់ គឺឆ្លើយតបទៅនឹងការសួរនាំពីលទ្ធភាពនៃការផ្លាស់ប្តូរជំហររបស់លោក ខណៈ Liverpool នៅបន្តក្តីសង្ឃឹមប្រជែងពាន Premier League ក្រោយបានឈ្នះ Tottenham Hotspur ៤-២ កាលពីចុងសប្តាហ៍កន្លងទៅ។ ទោះបានឈ្នះ ប៉ុន្តែលោក Klopp នៅរក្សាការសម្រេចចិត្តដដែលគឺលោកនឹងចាកចេញ ក្រោយចប់រដូវកាល។
លោក Klopp បាននិយាយដូច្នេះថា៖ “វាមើលទៅដូចជាចម្លែកចំពោះអ្វីដែលខ្ញុំបានធ្វើ ។ ខ្ញុំមិននិយាយបន្ថែមទៀត ព្រោះតែខ្ញុំមិនសប្បាយចិត្តជាមួយនឹងបរិយាកាសជុំវិញខ្លួនក្នុងកីឡដ្ឋាន ឬក៏ជាមួយអ្វីដែលយើងបានលេងបាល់ទាត់មួយនេះ។ ខ្ញុំគិតថានៅពេលដែលខ្ញុំនិយាយពីរឿងនេះ គឺនៅពេលដែលយើងលេងបាល់ទាត់មួយដែលអាចទទួលយកបាន ។ ចំពោះមូលហេតុផ្សេងទៀត គឺទេ វាពិតមានឥទ្ធិពលអ្វីដល់ការសម្រេចចិត្តខ្ញុំនោះទេ។”
ឈ្នះ Tottenham Hotspur នោះគឺ Liverpool ទើបតែយកឈ្នះការប្រកួតលើកទី២ របស់ខ្លួនក្នុងចំណោម ៦ប្រកួតចុងក្រោយមកនេះ ។ Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មានចំនួន ៧៨ពិន្ទុ មានគម្លាតពីក្រុមកំពូលតារាង Arsenal ចំនួន ៥ពិន្ទុ និងក្រុមលេខ ២ Manchester City ចំនួន ៤ពិន្ទុ ខណៈពួកគេនៅសល់ការប្រកួតត្រឹមតែ ២ លើកចុងក្រោយប៉ុណ្ណោះ។
លោក Jurgen Klopp នឹងបង្ហាញវត្តមានចុងក្រោយក្នុងនាមជាគ្រូបង្វឹក Liverpool ស្ថិតនៅក្នុងការប្រកួតក្នុងកីឡដ្ឋាន Anfield នៅថ្ងៃទី១៩ ខែឧសភា ដោយពួកគេត្រូវស្វាគមន៍ក្រុម Wolverhampton ។ យ៉ាងណា មុនការប្រកួតចុងក្រោយចូលមកដល់ Liverpool នឹងត្រូវប៉ះក្រុម Aston Villa នៅថ្ងៃទី១៣ ខែឧសភាខាងមុខសិន៕