×

គ្រូ West Ham United ប្រកាសចាកចេញពីតំណែង ក្រោយចប់រដូវកាលនេះ

គ្រូបង្វឹក West Ham United លោក David Moyes បានប្រកាសចាកចេញពីតំណែង ក្រោយចប់ការប្រកួតរដូវកាល ២០២៣-២៤។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។

ការចាកចេញរបស់លោក David Moyes គឺត្រូវបានរាយការណ៍ថា មានការព្រមព្រៀងទាំងសងខាង ចំពេលដែលកិច្ចសន្យារបស់លោកនឹងផុតកំណត់ផងដែរ។

បុរសវ័យ៦១ឆ្នាំ ដែលធ្លាប់ដឹកនាំ Manchester United និង Everton នោះ បានត្រឡប់មកកាន់តំណែងជាលើកទី២ នៅ West Ham United កាលពីឆ្នាំ ២០១៩ និងបានជួយក្រុម ឈ្នះពានរង្វាន់ Europa Conference League 2022-23 ដែលជាពានរង្វាន់ធំរបស់ពួកគេ ចាប់តាំងពីបានឈ្នះពានរង្វាន់ FA Cup នៅក្នុងឆ្នាំ ១៩៨០មក។

យ៉ាងណា ការដឹកនាំ West Ham United របស់លោក David Moyes នៅរដូវកាលនេះ មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានទេ ដោយក្រុមបច្ចុប្បន្នកំពុងឈរ លេខ៩ ស្របពេលការប្រកួតសល់តែ៣លើកទៀត ដែលមានន័យថា ពួកគេមិនមានសង្ឃឹមស្វែងរកកៅអីលេងពានរង្វាន់កំពូលអឺរ៉ុបដូចកាលពីរដូវកាលមុនឡើយ។ ដូច្នេះហើយ ទាំងលោក David Moyes និងក្លិប West Ham សម្រេចចែកផ្លូវគ្នា ក្រោយកិច្ចសន្យារបស់លោកផុតកំណត់នៅរដូវកាលនេះតែម្តង។

ជុំវិញការប្រកាសចាកចេញពីតំណែងនេះដែរ លោក David Moyes បានឱ្យដឹងថា៖ “ខ្ញុំមានពេលវេលាដ៏រីករាយនៅ West Ham។ ក្លិបមានភាពរឹងមាំជាងពេលដែលខ្ញុំត្រឡប់មកវិញនៅលើកទី២ ហើយយើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន។ យ៉ាងណា ឥឡូវគឺដល់ពេលវេលាដែលខ្ញុំត្រូវចាកចេញ ហើយខ្ញុំសូមអរគុណកីឡាករ និង សមាជិកទាំងអស់ ដែលបានគាំទ្ររូបខ្ញុំ រហូតមក។”

ដោយឡែក មានការរាយការណ៍ដែរថា អ្នកមកជំនួសតំណែងជាបន្តរបស់លោក David Moyes នៅ West Ham United នោះគឺអតីតគ្រូបង្វឹក Real Madrid លោក Julen Lopetegui។ ការចរចារវាងលោក Lopetegui និង West Ham ជិតឈានមកដល់ទីបញ្ចប់ដោយ លោក Lopetegui បានព្រមព្រៀងគ្នាហើយដោយរង់ចាំដែលការចុះហត្ថលេខាប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង