ខ្សែការពារ Thiago Silva នឹងចាកចេញពីក្លិប Chelsea ហើយវិលត្រលប់ទៅក្លិបកំណើតរបស់គេគឺក្លិបប្រេស៊ីល Fluminense នៅដំណាច់រដូវកាល ២០២៣-២៤។ នេះបើតាមការបញ្ជាក់របស់ក្លិបនៅក្របខណ្ឌ Serie A របស់ប្រេស៊ីល។
កីឡាករវ័យ៣៩ឆ្នាំ បានប្រកាសកាលពីខែមុនថា រូបគេនឹងចាកចេញពី Chelsea បន្ទាប់ពីការស្នាក់នៅរយៈពេល ៤ រដូវកាល កន្លងមក។
Thiago Silva បានចាប់ផ្តើមអាជីពរបស់ខ្លួនជាយុវជនថ្នាលនៅក្លិប Fluminense តាំងពីឆ្នាំ១៩៩៨ មុនបន្តដំណើរផ្សងព្រេងលេងឱ្យក្លិបធំៗនៅអឺរ៉ុប ដូចជា AC Milan, Paris Saint-Germain និង Chelsea នេះ។
រយៈពេល៤ឆ្នាំកន្លងមកនៅទឹកដី Stamford Bridge នោះ Thiago Silva បានបង្ហាញខ្លួន ១៥១ ប្រកួតឱ្យក្លិបតោខៀវ និងបានរួមចំណែកឈ្នះពានរង្វាន់ UEFA Champions League, FIFA Club World Cup និង UEFA Super Cup ផងដែរ។
ចំពោះការផ្សព្វផ្សាយពីការវិលត្រឡប់ទៅលេងឱ្យក្លិប Fluminense វិញ Thiago Silva បានបញ្ចេញពីចំណាប់អារម្មណ៍របស់ខ្លួនតាមរយៈបណ្តាញសង្គមថា គេមានភាពរីករាយដែលនឹងវិលត្រឡប់ទៅលេងអោយក្លិបនៅស្រុកកំណើត។
សម្រាប់ក្លិប Fluminense បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Thiago Silva នឹងមកដល់ទីក្រុង Rio de Janeiro ដើម្បីចូលរួមក្រុមដែលដឹកនាំដោយគ្រូបង្វឹក Fernando Diniz ទោះយ៉ាងណា រូបគេនឹងមិនអាចលេងឱ្យក្លិបហូតដល់ថ្ងៃទី ១០ ខែកក្កដា នៅពេលដែលទីផ្សារដោះដូរកីឡាករអន្តរជាតិបើក។
ដោយឡែក Chelsea ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៧ ក្នុងតារាង Premier League នៅសល់ការប្រកួតចំនួន ៣ទៀតក្នុងរដូវកាលនេះគឺត្រូវប៉ះ Nottingham Forest, Brighton និង Bournemouth៕