គ្រូបង្វឹក Manchester United លោក Erik Ten Hag បាននិយាយទៅកាន់សារព័ត៌មាន BBC របស់អង់គ្លេស កាលពីពេលថ្មីៗនេះថា ក្រុមបិសាចក្រហមរបស់លោកគួរតែពង្រឹងទម្រង់លេងឱ្យល្អឡើងវិញ។
ការលើកឡើងរបស់បុរសជនជាតិហូឡង់ គឺបន្ទាប់ពីក្រុម Man UTD បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុម Crystal Palace ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ តាមរយៈលទ្ធផល ៤-០។
ការបរាជ័យនោះ Man UTD បានចារប្រវត្តិសាស្ត្រមិនល្អថែមទៀត ដោយទទួលបរាជ័យក្នុងលីគច្រើនបំផុតចំនួន ១៣ ដងក្នុងមួយរដូវកាល។ ចំណែកគ្រាប់បាល់របូតវិញគឺ ៨១ គ្រាប់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបើរាប់តាំងពីឆ្នាំ ១៩៧៦-៧៧ មក។
ទោះជាលទ្ធផលបែបណាក៏ដោយលោក Ten Hag នៅតែមិនខ្វល់ថា អនាគតរបស់លោកនៅ Man UTD នឹងទៅជាយ៉ាងណាដោយលោកនៅតែនិយាយថានឹងខិតខំដឹកនាំអោយអស់ពីលទ្ធភាព ហើយក្រុមរបស់លោកត្រូវតែព្យាយាមពង្រឹងទម្រង់លេងឱ្យល្អវិញ។
គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បាននិយាយដូច្នេះថា៖ “ក្នុងនាមជាក្លិប Man UTD យើងត្រូវតែពង្រឹងទម្រង់លេងឱ្យល្អឡើងវិញ។ កីឡាករដែលជាប់ជម្រើសចូលលេងក្នុងការប្រកួតទាំងអស់ គួរតែធ្វើយ៉ាងណាលេងអោយបានល្អ។ យើងសក្ដិសមនឹងចាញ់ណាស់។ ទម្រង់លេងរបស់យើង គឺមិនដូចអ្វីដែលយើងរំពឹងទុកទេ។”
ក្រោយចាញ់ការប្រកួតមួយនេះ Man UTD ធ្លាក់ទៅដល់លេខរៀងទី៨ នៅតារាង Premier League ដោយមាន ៥៤ពិន្ទុ។ ពួកគេអាចនឹងបាត់បង់ឱកាសចូលក្នុងការប្រកួតពានរង្វាន់របស់ UEFA នានៅរដូវកាលក្រោយ ដែលអាចជា ការខកខានការប្រកួតក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង ចាប់តាំងពីរដូវកាល ១៩៨៩-៩០៕