ខ្សែការពារ Virgil Van Dijk បង្ហាញក្តីរីករាយចំពោះការប្រកបអាជីពជាមួយក្លិប Liverpool ហើយថែមទាំងអះអាងថា ចង់បន្តដំណើរច្រើនឆ្នាំបន្តទៀត បើទោះលោក Jurgen Klopp នឹងចាកចេញពីតំណែងជាគ្រូបង្វឹក ក្រោយចប់រដូវកាលនេះក្តី។
កីឡាករហូឡង់ នឹងត្រូវផុតកំណត់កិច្ចសន្យា នៅចុងបញ្ចប់រដូវកាល២០២៤-២៥។ ថ្មីៗនេះមានការរាយការណ៍ថា Van Dijk សម្លឹងមើលការផ្លាស់ទៅលេងនៅក្លិបនៅអាល្លឺម៉ង់ ដូចជា Bayern Munich និង Dortmund ជាដើម។
តាំងពីលោក Klopp បានប្រកាសថានឹងចាកចេញពីក្លិប កាលពីខែកុម្ភៈ Van Dijk ក៏បាននិយាយពីអនាគតរបស់ខ្លួនថា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ យ៉ាងណា Van Dijk ហាក់បង្ហាញពីចំណាប់អារម្មណ៍ធ្វើការងារជាមួយគ្រូបង្វឹកថ្មី លោក Arne Slot ដែលបានចុះកិច្ចសន្យាជាមួយ Liverpool រួចស្រេច ដើម្បីជំនួសលោក Klopp។
កីឡាករវ័យ៣២ឆ្នាំ បាននិយាយថា៖ “យើងផ្តោតលើ ២ប្រកួតដែលនៅសល់ ទើបគិតគូលើគ្រូបង្វឹកថ្មី។ នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំ ពេលនេះគ្មានអ្វីដែលខ្ញុំត្រូវជជែកពីរឿងអនាគតនោះឡើយ។ ខ្ញុំកំពុងតែរីករាយខ្លាំងនៅទីនេះ ខ្ញុំស្រលាញ់ក្លិប វាគឺជាផ្នែកដ៏ធំមួយនៃជីវិតខ្ញុំ។”
ជាធម្មតាការផ្លាស់ប្តូរថ្នាក់ដឹកនាំ ក៏ដូចជាគ្រូបង្វឹក របស់ក្លិបនីមួយៗ នឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងក្លិប និងទម្រង់លេងរបស់ក្រុមទាំងមូល តែ Van Dijk អះអាងថា រូបគេនឹងមិនភ័យខ្លាចសម្រាប់ការផ្លាស់ប្តូរអ្វីឡើយ។
បច្ចុប្បន្ន Liverpool កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៧៨ពិន្ទុ ឈរពីក្រោមក្រុមលេខ ១ Arsenal មានគម្លាត ៥ពិន្ទុ និង ៤ពិន្ទុ ពីក្រុមលេខ ២ Manchester City។ ២ប្រកួតចុងក្រោយ Liverpool នឹងត្រូវជួបតទល់ក្រុម Aston Villa មុនពេលបើកទ្វារផ្ទះស្វាគមន៍ក្រុម Wolverhampton Wanderers។
ជំនួបក្នុងកីឡដ្ឋាន Anfield ក្នុងការប្រកួតទី៣៨ ជាមួយ Wolver នឹងក្លាយជាការប្រកួតចុងក្រោយដែលលោក Klopp បានដឹកនាំ អស់រយៈពេល ៩ឆ្នាំ ៕