គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោកពិតជាតពេញចិត្ត ហើយរីករាយនឹងលទ្ធផលក្រោយឈ្នះ Manchester United ដើម្បីធ្វើឱ្យក្រុមកាំភ្លើងធំរបស់លោកនៅបន្តក្តីសង្ឃឹមអំពីលទ្ធភាពគ្រងជើងឯក Premier League ។
ក្រុម Arsenal បានយកឈ្នះក្រុម Man UTD ដោយលទ្ធផល ១-០ ក្នុងជំនួបសប្តាហ៍ទី៣៧របស់ខ្លួន នាកីឡដ្ឋាន Old Trafford។ ខ្សែប្រយុទ្ធ Leandro Trossard គឺជាអ្នកស៊ុតបញ្ចូលទី គ្រាប់បាល់តែ១គ្រាប់ ដែលល្មមគ្រប់គ្រាន់ឱ្យក្រុមកាំភ្លើងធំទទួលបាន៣ពិន្ទុ ពីក្រុមបិសាចក្រហម ដែលជាម្ចាស់ផ្ទះ។
៣ពិន្ទុនេះបានរុញក្រុម Arsenal ឡើងទៅឈរកំពូលតារាង Premier League វិញ ជំនួសគូប្រជែង និងជាក្រុមការពារតំណែងជើងឯក Manchester City តែនាំមុខតែ១ពិន្ទុប៉ុណ្ណោះ។ ឆ្លងកាត់៣៧ប្រកួត ក្រុមលោក Mikel Arteta មាន៨៦ពិន្ទុ ខណៈក្រុមមេឃខៀវរបស់លោក Pep Guardiola មាន៨៥ពិន្ទុ ហើយលេងយឺតជាង១ប្រកួតទៀត។
ទោះយ៉ាងណាក៏ដោយ លោក Mikel Arteta នៅតែពេញចិត្តជាមួយលទ្ធផលល្អដែលកូនក្រុមអាចធ្វើបាន និងរក្សាភាពវិជ្ជមានអំពីលទ្ធភាពឈ្នះជើងឯកលីគកំពូលអង់គ្លេស ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងឱ្យដឹងថា៖ “ការឈ្នះនៅពេលនេះ ជារឿងសំខាន់បំផុត ហើយយើងមានភាពរីករាយជាមួយអ្វីដែលយើងបានធ្វើ។ យើងកំពុងព្យាយាម បង្កើតប្រវត្តិសាស្ត្រថ្មី ប៉ុន្តែវាមិនងាយស្រួលទេ។ យ៉ាងណា យើងតែរក្សាភាពវិជ្ជមាន ចំពោះគោលដៅដែលយើងចង់សម្រេចបាន។”
សូមបញ្ជាក់ថា ទោះជា Arsenal បានឈ្នះការប្រកួតទល់នឹង Man UTD តែ Man City នឹងកាន់តែមានភាគរយខ្ពស់ ក្នុងការឈ្នះជើងឯក Premier League សាជាថ្មី ប្រសិនបើពួកគេរកបាន៣ពិន្ទុបន្ថែមទៀត នៅពេលជួប Tottenahm Hotspur នៅថ្ងៃទី១៤ ខែឧសភា សម្រាប់ជំនួបសប្តាហ៍ទី៣៧ដូចគ្នា៕