ក្រុមកីឡាការិនី Manchester United បានឈ្នះពានរង្វាន់ Women’s FA Cup ជាលើកដំបូងជាមួយនឹងជ័យជម្នះ ៤-០ លើក្រុមកីឡាការិនី Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Marc Skinner ដែលបានបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនក្រោមស្នាដៃក្រុម Chelsea បាននាំមុខ១គ្រាប់នៅវគ្គទីមួយ តាមរយៈការស៊ុតរបស់ខ្សែបម្រើ Ella Toone ។
ការតែតបាល់បញ្ចូលទីពីកីឡាការិនី Rachel Williams និងពីរគ្រាប់ពីខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Lucia Garcia នៅវគ្គទីពីរ បានធានាពានរង្វាន់ធំដំបូងសម្រាប់ក្រុមកីឡាការិនី Man Utd ចាប់តាំងពីក្រុមបានធ្វើកំណែទម្រង់ក្នុងឆ្នាំ២០១៨។
បរិយាកាសដ៏រំភើបសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម នៅឯកីឡដ្ឋាន Wembley កើតមានឡើងនៅចំពោះមុខអ្នកគាំទ្រចំនួន ៧៦០៨២នាក់ ជាមួយនឹងវត្តមានសហម្ចាស់ក្លិបរបស់ Man Utd លោក Avram Glazer និងប្រធានក្លិប Tottenham លោក Daniel Levy ។
ការឈ្នះនេះ គឺមុនពេលក្រុម Man Utd នឹងប្រកួតជាមួយ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ FA Cup ផ្នែកបុរស នាថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕