លោក Pep Guardiola គ្រូបង្វឹក Man City បាននិយាយថា ក្រុមមេឃខៀវរបស់លោក ត្រូវតែឈ្នះ ក្នុងការប្រកួតទល់នឹង Tottenham Hotspur ដើម្បីមានឱកាសខ្ពស់ក្នុងការគ្រងជើងឯក Premier League សាជាថ្មី។
ជាការពិត បច្ចុប្បន្ន ក្រុម Arsenal របស់លោក Mikel Arteta បានដណ្តើមចំណាត់ថ្នាក់កំពូលតារាងលីគកំពូលអង់គ្លេសពី ក្រុម Man City វិញ ដោយមានគម្លាតនាំមុខចំនួន១ពិន្ទុ។ ៣៧ប្រកួត Arsenal រកបាន៨៦ពិន្ទុ ខណៈក្រុមលោក Pep Guardiola មាន៨៥ពិន្ទុ តែទើបប្រកួត៣៦លើកប៉ុណ្ណោះ។
ក្រុមម្ចាស់ការពារជើងឯក Man City នឹងត្រូវប្រកួតសប្តាហ៍ទី៣៧របស់ខ្លួនដោយត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នៅយប់នេះ។ យ៉ាងណា Man City បានចាញ់ការប្រកួត Premier League ទាំង៤លើកចុងក្រោយ នៅកីឡដ្ឋានរបស់ Tottenham Hotspur។
បញ្ហានេះបានបង្កជាកង្វល់សម្រាប់គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលរំពឹងពីការទទួលបានជ័យជំនះដើម្បីបន្ថែមលទ្ធភាពឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកទី៤ជាប់ៗគ្នា។ ដូច្នេះហើយ លោក Pep Guardiola បានធ្វើការក្រើនរំឮកដល់កូនក្រុម Man City អោយមានការខិតខំប្រឹងប្រែង ប្រកួតនិងទទួលលទ្ធផលឈ្នះជាចាំបាច់។
លោក Pep Guardiola បានថ្លែងអោយដឹង មុនការប្រកួតចូលមកដល់ថា “ប្រសិនបើយើងមិនឈ្នះការប្រកួតទល់នឹង Tottenham Hotspur ទេ នោះយើងក៏ប្រហែលជាមិនអាចឈ្នះជើងឯក Premier League ទៀតដែរ។ នេះជារឿងដែលយើងត្រូវដឹង ហើយពេលនេះខ្ញុំមានតម្រូវការ គឺចង់អោយកីឡាកររបស់ខ្ញុំមានការប្រឹងប្រែងអស់ពីសមត្ថភាព ហើយយើងត្រូវធ្វើអោយការប្រកួតនេះមានលទ្ធផលល្អបំផុត។”
ដោយឡែក បើទោះលទ្ធផលប្រកួតក្នុងជំនួបនេះបែបណា ក៏ការប្រជែងពានលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ រវាង Man City និង Arsenal នឹងត្រូវកាត់ក្តីនៅក្នុងការប្រកួតបិទរដូវកាល៕