ខ្សែប្រយុទ្ធ Erling Haaland រកបាន២គ្រាប់ម្នាក់ឯង ជួយ Man City ឈ្នះ Tottenham Hotspur ២-០ ដើម្បីឡើងទៅឈរកំពូលតារាង Premier League ជំនួស Arsenal វិញ។ ទោះបីជាបានឈ្នះក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Man City លោក Pep Guardiola ថា ការប្រកួត បិទរដូវកាលនឹងក្លាយជារឿងលំបាកសម្រាប់ក្រុមមេឃខៀវ។
ជាការពិត Spurs បានធ្វើអោយ Arsenal ខកចិត្ត ក្រោយរបូត៣ពិន្ទុទៅ Man City នៅជំនួបលីគសប្តាហ៍ទី៣៧ កាលពីយប់មិញ ដែលរកគ្រាប់បាល់បានដោយ Erling Haaland នៅនាទី ទី៥១ និង ការស៊ុតបាល់ពិន័យ១១ម៉ែត្រ ១គ្រាប់ទៀតនៅនាទី ៩០+១។ ក្រុមម្ចាស់ការពារជើងឯក Man City បានកើន៨៨ពិន្ទុ ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខក្រុមកាំភ្លើងធំចំនួន២ពិន្ទុ។
ការប្រជែងពាន Premier League រដូវកាល ២០២៣-២៤ រវាងក្រុមមេឃខៀវ Man City និងក្រុមកាំភ្លើងធំ Arsenal នឹងត្រូវកាត់ក្តីនៅជំនួបចុងក្រោយ។ យ៉ាងណាមិញ សម្រាប់ការប្រកួតចុងក្រោយនោះ លោក Pep Guardiola យល់ថា វានឹងជាការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ហើយវានឹងពិបាកសម្រាប់ក្រុមរបស់លោក។
លោក Pep Guardiola បានថ្លែងក្រោយចប់ការប្រកួតថា “ពិតណាស់ ការឈ្នះ Spurs ធ្វើអោយយើងរីករាយ ប៉ុន្តែការប្រកួតចុងក្រោយ វានឹងមានភាពតានតឹង ហើយពិបាកសម្រាប់យើង ព្រោះវាជាការប្រកួតកាត់សេចក្តីស្វែងរកជើងឯក ប៉ុន្តែ ខ្ញុំមានការជឿជាក់លើក្រុម ព្រោះពួកយើងធ្វើបានល្អរហូតមក ហើយវាជាការជម្រុញទឹកចិត្តរបស់យើងនៅពេលនេះ។”
សម្រាប់ជ័យជំនះ លើ Tottenham Hotspur ធ្វើអោយ Man City មានប្រៀបក្នុងការការពារជើងឯករបស់ខ្លួន ប៉ុន្តែ ការរកឃើញជើងឯកពិតប្រាកដនឹងត្រូវធ្វើឡើងនៅក្នុងការប្រកួតបញ្ចប់រដូវកាល ដោយ Man City ទទួល West Ham ស្របពេល Arsenal ស្វាគមន៍ Everton ដែលនឹងធ្វើឡើងនៅ ថ្ងៃទី១៩ ខែឧសភា ខាងមុខ៕