ក្លិប Manchester United បានប្រកាសទទួលស្គាល់ពីបញ្ហាលេចជ្រាបទឹកភ្លៀងពីដំបូលកីឡដ្ឋាន Old Trafford ថា ជារឿងដែលពិបាកទប់ស្កាត់ជាមុន។ ការប្រកាសបានធ្វើឡើង បន្ទាប់ពីរូបភាពទឹកភ្លៀងធ្លាក់លេចជ្រាបចេញពីដំបូលកីឡដ្ឋាន ត្រូវបានផ្សព្វផ្សាយកាន់តែច្រើនឡើង អំឡុងការប្រកួតដែល Man UTD ចាញ់ Arsenal ១-០ ក្នុងជំនួប Premier League កាលពីចុងសប្តាហ៍មុន។
ក្រោយពេលបញ្ចប់ការប្រកួតដែល Man UTD ចាញ់ Arsenal នោះ វីដេអូមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គម បង្ហាញពីមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង នៅកីឡដ្ឋាន Old Trafford។ នៅត្រង់កន្លែងអង្គុយ ក្រោមដំបូលចន្លោះទីតាំងអង្គុយតំបន់ខាងកើត និងតំបន់អង្គុយឈ្មោះ Sir Alex Ferguson បានលេចជ្រាបទឹកភ្លៀងធ្លាក់មកពីដំបូល រយៈពេលជិត ២ម៉ោង។
មិនត្រឹមតែប៉ុណ្ណោះ រូបភាពដែលទឹកភ្លៀងបានលេចជ្រាបតាមក្រោមកៅអីអង្គុយ និងតាមបង្អួចក្នុងកីឡដ្ឋាន ក៏ដូចជាការបង្កឱ្យមានភក់នៅលើទីលាន ក៏ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម។
ទាក់ទិននឹងរឿងនេះក្លិប Man UTD បានឱ្យដឹងថា បញ្ហាដែលក្លិបបានជួបប្រទះ នឹងក្លាយជាមូលហេតុបន្ថែមមួយទៀត សម្រាប់សហម្ចាស់ក្លិប លោក Jim Ratcliffe ត្រូវគិតគូរ ចំពោះការអភិវឌ្ឍកីឡដ្ឋាន Old Trafford។ ក្លិបបិសាចក្រហមបានបង្ហាញពីតម្រូវការ ដើម្បីកែប្រែឱ្យមានកីឡដ្ឋានល្អប្រសើរឡើងវិញ។
លោក Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយផ្នែករបស់ក្លិប Man UTD ស្ថិតនៅក្នុងការប្រកួតបានឃើញពីបញ្ហាផ្ទាល់ភ្នែកផងដែរ។ មហាសេដ្ឋីអង់គ្លេស វ័យ ៧១ឆ្នាំ បានចំណាយទុនប្រមាណ ២៧,៧ភាគរយ វិនិយោគលើក្លិប Man UTD កាលពីខែកុម្ភៈ ត្រូវបានគេរំពឹងថា អាចនឹងគិតគូពីជម្រើសសាងសង់កីឡដ្ឋានថ្មីដែលនៅក្បែរកីឡដ្ឋាន Old Trafford ឬក៏អាចជជែកពីការជួសជុល និងអភិវឌ្ឍន៍កីឡដ្ឋានដែលបើកដំណើរការតាំងពីឆ្នាំ ១៩១០ មួយនេះ៕