អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta និយាយថា ក្តីសង្ឃឹមរបស់គាត់នៅតែមាន នៅចុងសប្តាហ៍នេះ។
ក្រុមការពារតំណែងជើងឯក Manchester City មានពីរពិន្ទុនាំមុខក្រុម Arsenal នៅលើកំពូលតារាង។
ការប្រកួតសប្ដាហ៍ចុងក្រោយ នៃក្របខណ្ឌ Premier League នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ដោយ Arsenal ប៉ះ Everton ក្នុងដី ហើយ Man City ទទួលភ្ញៀវ West Ham ។
Arteta បានប្រាប់ឱ្យដឹងដូច្នេះថា៖ “ខ្ញុំមានការជឿជាក់។ យើងចង់ស្ថិតក្នុងតំណែងនេះ។ ជាមួយនឹងក្តីសង្ឃឹម និងឱកាសដ៏ធំដែលយើងអាចលើកពាននៅចុងបញ្ចប់នៃការប្រកួត។”
West Ham នឹងត្រូវឈ្នះ ឬស្មើជាមួយ Man City ដើម្បីផ្តល់ឱកាសឱ្យក្រុមរបស់លោក Arteta ក្លាយជាជើងឯក។
Arsenal មិនបានឈ្នះពានលីគទេ ចាប់តាំងពីរដូវកាល ២០០៣-០៤។ ក្រុមកាំភ្លើងធំ មានគ្រាប់ផលសងគ្រាប់បាល់ច្រើនជាងក្រុម Man City ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Man City យកឈ្នះ West Ham នោះក្រុមរបស់លោក Guardiola នឹងគ្រងតំណែងជើងឯកសម្រាប់រដូវកាលទី៤ជាប់ៗគ្នា។
ការប្រកួតទាំងពីរ ធ្វើឡើងតំណាលគ្នា ដែល CBS នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា។ ជំនួបរវាង Arsenal ទល់នឹង Everton នៅកីឡដ្ឋាន Emirates ផ្សាយបន្តផ្ទាល់នៅ MyTV ខណៈការប្រកួតរវាង Man City ទល់នឹង West Ham នៅកីឡដ្ឋាន Etihad ផ្សាយបន្តផ្ទាល់នៅ CTN ។ ការប្រកួតទាំងពីរ ធ្វើឡើងនាថ្ងៃអាទិត្យ ទី១៩ ឧសភា តំណាលគ្នានៅម៉ោង ៩:៥៥ នាទីយប់តទៅ៕