×

គ្រូ Man City ថា ក្រុមខ្លួនបានធ្វើរឿងមិនគួរឱ្យជឿក្រោយឈ្នះពាន Premier League ៦ដង ក្នុងរយៈពេល៧ឆ្នាំ

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ក្រុមរបស់លោកបានធ្វើរឿងមិនគួរអោយជឿក្រោយឈ្នះពាន Premier League ៦ដង ក្នុងរយៈពេល៧ឆ្នាំ។

ក្រុមមេឃខៀវបានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២៣-២៤ និងជាលើកទី៤ជាប់គ្នា ដោយនាំមុខគូប្រជែង Arsenal ២ពិន្ទុ។

នាជំនួបចុងក្រោយបិទរដូវកាល ដែលជាជំនួបកាត់ក្តីរកជើងឯក រវាង Man City និង Arsenal កាលពីយប់មិញ ក្រុមម្ចាស់ការពារតំណែងជើងឯក ពិតជាមិនធ្វើអោយអ្នកគាំទ្រខ្លួនខកចិត្តឡើយជាមួយទម្រង់លេងវាយសម្រុកលើគូប្រជែង West Ham United។

Phil Foden រកបានពីរគ្រាប់ម្នាក់ឯងនៅ២នាទីដំបូង និងនាទី១៨ ជួយក្រុមលោក Pep Guardiola នាំមុខ ២-០ មុនពេល Mohammed Kudus តាមបាន១គ្រាប់នៅនាទី៤២។ Rodri សម្រេចគ្រាប់ទី៣ អោយ Man City នៅនាទី៥៩ ខណៈលទ្ធផល ៣-១ រក្សារហូតចប់ការប្រកួត។

តាមរយៈលទ្ធផលនេះ បានជួយក្រុមលោក Guardiola បន្តគ្រងជើងឯកលីគកំពូលអង់គ្លេស៤រដូវកាលជាប់គ្នា និងជាលើកទី៦ ក្រោមការដឹកនាំរបស់ខ្លួន។ រីឯ Arsenal ទទួលបានត្រឹមខកចិត្តសម្រាប់ការប្រជែងជើងឯក Premier League លើកដំបូងក្នុងរយៈពេល២០ឆ្នាំ បើទោះពួកគេវាយបកឈ្នះ Everton ២-១ ក្តី។

ក្រោយបានឈ្នះ លោក Pep Guardiola បានបង្ហាញពីក្តីរីករាយ និង កោតសរសើរកីឡាករខ្លួនដែលអាចជួយក្រុម Man City ឈ្នះពានលីគកំពូលអង់គ្លេស ៦ដង ក្នុងរយៈពេល៧ឆ្នាំមកនេះ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានឱ្យដឹងថា៖ “យើងបានធ្វើអ្វីមួយដែលមិនគួរអោយជឿគឺឈ្នះ Premier League ចំនួន៦ដងក្នុងរយៈពេល៧ឆ្នាំ។ នៅទីនេះ ការឈ្នះបាល់ទាត់មានលំបាក តែ គុណភាពរបស់គ្រូបង្វឹក កូនក្រុម និងអ្វីៗគ្រប់យ៉ាង បានធ្វើឱ្យយើងមានថ្ងៃនេះ។ ក្រុមធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល វាជាក្រុមដែលធ្វើរឿងមិនគួរឱ្យជឿ យើងរៀបចំបានល្អណាស់។”

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតចំនួន៣៨សប្តាហ៍កន្លងមក ក្រុម Man City ឈ្នះ ២៨ ស្មើ ៧ និង ចាញ់៣ រកបាន៩១ពិន្ទុ ពីលើក្រុមលេខ២ Arsenal ដែលមាន ៨៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង