×

លោក Jurgen Klopp លាក្លិប Liverpool និងជូនពរគ្រូបង្វឹកថ្មីមកកាន់តំណែងជាបន្ត

គ្រូបង្វឹក លោក Jurgen Klopp បានធ្វើការលាអ្នកគាំទ្រ និងសមាជិកក្រុម Liverpool បន្ទាប់ពីការប្រកួតសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Premier League បានបញ្ចប់។ អំឡុងពេលលាគ្នា បុរសជនជាតិអាល្លឺម៉ង់ បាននាំអ្នកគាំទ្រស្រែកច្រៀងឈ្មោះលោក Arne Slot ដែលជាអ្នកជំនួសតំណែងខ្លួននៅ Anfield។

លោក Klopp បានមកដឹកនាំក្រុម Liverpool រយៈពេល ៨ឆ្នាំ កន្លះ បានឈានដល់ទីបញ្ចប់ ក្រោយពេលក្រុមយកឈ្នះការប្រកួតលទ្ធផល ២-០ ទល់នឹងក្រុម Wolverhampton Wanderers ក្នុងកីឡដ្ឋាន Anfield កាលពីចុងសប្តាហ៍កន្លងទៅ។ ២គ្រាប់ជ័យជម្នះ ធ្វើបានដោយកីឡាករ Alexis Mac Allister និង Jarell Quansah។

បុរសវ័យ ៥៦ឆ្នាំ បានដឹកនាំក្រុម Liverpool យកឈ្នះការប្រកួតចំនួន ៣០៥ប្រកួត ក្នុងចំណោមការដឹកនាំចំនួន ៤៩១លើក។

លោក Arne Slot ដែលជាគ្រូបង្វឹក Feyenoord នឹងត្រូវមកដឹកនាំក្រុមបន្តពីលោក Klopp នាកីឡដ្ឋាន Anfield រដូវកាលក្រោយ។ នៅក្នុងពិធីលាគ្នាចុងក្រោយ ជាមួយក្រុមកីឡាករ ព្រមទាំងអ្នកគាំទ្រ លោក Klopp បានបបួលកីឡាករ និងអ្នកគាំទ្រច្រៀងឈ្មោះលោក Slot ដែលជាគ្រូបង្វឹកថ្មី។

លោក Klopp បានប្រាប់ទៅអ្នកកាសែតក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់លោកថា៖ “គ្រូបង្វឹកថ្មី ខ្ញុំចង់ច្រៀងឈ្មោះរបស់គាត់ និង ជូនពរគាត់។ លោក Arne Slot នៅពេលរដូវកាលបន្ទាប់ចាប់ផ្តើម សូមអ្នកគ្រប់គ្នាបន្តជឿជាក់លើក្រុម។ ខ្ញុំបានឃើញមនុស្សជាច្រើនយំ ដូចជាខ្ញុំដែរ ប៉ុន្តែការផ្លាស់ប្តូរជារឿងដ៏ល្អ ប្រសិនអ្នកចាកចេញដោយអាកប្បកិរិយាត្រឹមត្រូវ។”

កាលពីខែកុម្ភៈ លោក Jurgen Klopp បានសម្រេចចិត្តប្រកាសចាកចេញពីតំណែង បន្ទាប់ពីបានជួយក្រុមឈ្នះពានរង្វាន់ជាច្រើនកន្លងមកទាំង Premier League ពានរង្វាន់ផ្សេងក្នុងប្រទេសអង់គ្លេស និង UEFA Champions League។

យ៉ាងណាលោក Arne Slot ក៏បានកាន់កាប់តំណែងក្នុងក្លិប Feyenoord ស្ថិតក្នុងការប្រកួតចុងក្រោយយកឈ្នះលើក្រុម Empathic លទ្ធផល ៤-០ មុនពេលធ្វើដំណើរផ្លាស់មកដឹកនាំក្រុម Liverpool នៅរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង