គ្រូបង្វឹក លោក Mauricio Pochettino និង ក្លិប Chelsea បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយគ្នា ដោយមានការព្រមព្រៀងពីភាគីទាំងសងខាង ក្រោយពីបុរសជនជាតិអាហ្សង់ទីនទើបដឹកនាំក្លិបតោខៀវ បានមួយរដូវកាល។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Premier League។
លោក Pochettino បានចូលរួមជាមួយ Chelsea នៅមុនរដូវកាល ២០២៣-២៤ ចាប់ផ្តើម ដោយជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard ដោយការជ្រើសរើសបុរសវ័យ ៥២ឆ្នាំនេះ ត្រូវបានម្ចាស់ក្លិបថ្មីគឺក្រុមហ៊ុន Todd Boehly And Clearlake Capital យល់ថាលោកអាចជួយកែប្រែស្ថានការណ៍នៅទឹកដី Stamford Bridge ដែលមានការធ្លាក់ចុះគឺពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ១២ កាលពីរដូវកាល ២០២២-២៣។
កុងត្រារបស់លោក Pochettino មានរយៈពេល២ឆ្នាំ ដោយមានលក្ខខណ្ឌអាចបន្លាយថែមរយៈពេល១២ខែទៀត។ ប៉ុន្តែ អតីតគ្រូបង្វឹក Tottenham Hotspur រូបនេះ បានស្ថិតក្រោមសម្ពាធ ក្រោយ Chelsea ចាប់ផ្តើមរដូវកាលនេះមិនសូវល្អ និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ក្រោយចប់រដូវកាលបើទោះជាពួកគេបានចំណាយច្រើនជាងក្លិបមួយចំនួននៅអឺរ៉ុបក៏ដោយ។ ពួកគេក៏មិនបានឈ្នះពានរង្វាន់ណាមួយដែរ រួមទាំងពានរង្វាន់ក្នុងស្រុក ដោយបានតំណែងរងជើងឯកពាន EFL Cup ហើយឡើងត្រឹមវគ្គ៤ក្រុមចុងក្រោយ FA Cup ប៉ុណ្ណោះ។ ដោយសារ មិនបានសម្រេចជោគជ័យ ដូចការរំពឹងទុក ជាចុងក្រោយទាំងលោក Pochettino និង Chelsea ក៏សម្រេចចែកផ្លូវគ្នាតែម្តង។
បច្ចុប្បន្ន Chelsea កំពុងសម្លឹងឃើញបេក្ខភាព៣រូបមកកាន់តំណែងបន្តពីលោក Mauricio Pochettino ដែលមានដូចជា លោក Kieran McKenna គ្រូបង្វឹក Ipswich ដែលនឹងឡើងមក Premier League រដូវកាលក្រោយ លោក Ruben Amorim គ្រូបង្វឹក Sporting និង លោក Vincent Kompany គ្រូបង្វឹក Burnley ផងដែរ៕