×

លោក Pep Guardiola ឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំនៅ Premier League

គ្រូបង្វឹកលោក Pep Guardiola បានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ នៅក្របខណ្ឌ Premier League ក្រោយពីដឹកនាំ Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៣ ។

បុរសជនជាតិអេស្ប៉ាញ បានជួយឱ្យក្លិបមេឃខៀវឈ្នះជើងឯក Premier League ជាលើកទី៤ជាប់ៗគ្នា ដែលធ្វើឱ្យពួកគេក្លាយជាក្លិបដំបូងនៅអង់គ្លេសដែលធ្វើបានកំណត់ត្រាបែបនេះ។

ការឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំនៅ Premier League នេះដែរ លោក Pep Guardiola បានយកឈ្នះទៅលើគ្រូបង្វឹកផ្សេងៗទៀតដូចជា គ្រូបង្វឹក Arsenal លោក Mikel Arteta គ្រូបង្វឹក Aston Villa លោក Unai Emery គ្រូបង្វឹក Liverpool លោក Jurgen Klopp និងគ្រូបង្វឹក Bournemouth លោក Andoni Iraola ផងដែរ។

ក្រោយបានឈ្នះពានរង្វាន់ បុរសជនជាតិអេស្ប៉ាញបានបញ្ចេញចំណាប់អារម្មណ៍ថា៖ “ពានរង្វាន់នេះ ខ្ញុំបានឈ្នះមកដោយសារ ការខិតខំប្រឹងប្រែង រួមជាមួយការសហការយ៉ាងល្អរបស់សមាជិកក្លិបគ្រប់គ្នា។ ខ្ញុំមានមោទកភាពដែលបានដឹកនាំក្លិប Manchester City ដោយសារពួកយើងមានកីឡាករដ៏ល្អ និងបុគ្គលិកក្លិប ដ៏មានទេពកោសល្យ។”

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលលោក Pep Guardiola បានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំនៅ Premier League ចាប់តាំងពីមកដឹកនាំ Manchester City នៅក្នុងឆ្នាំ២០១៦មក ដោយបានជួយក្លិបឈ្នះជើងឯកលីគកំពូលអង់គ្លេសចំនួន ៦ ដង។ លោក Pep Guardiola ពេលនេះបានក្លាយជាគ្រូបង្វឹកដែលមានភាពជោគជ័យបំផុត លំដាប់ទី២នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បន្ទាប់ពីលោក Alex Ferguson អតីតគ្រូបង្វឹក Man UTD៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង