×

គ្រូបង្វឹក Roberto De Zerbi រំពឹងដឹកនាំក្រុមផ្សេងនៅលីគកំពូលអង់គ្លេស ក្រោយចាកចេញពី Brighton

លោក Roberto de Zerbi ដែលទើបចាកចេញពីតំណែងគ្រូបង្វឹក Brighton & Hove Albion បង្ហាញក្តីសង្ឃឹមថានឹងអាចស្វែងរកការងារជាគ្រូបង្វឹកក្រុមផ្សេង នៅក្នុងក្របខណ្ឌ Premier League ដដែល។

លោក De Zerbi បានដឹកនាំក្រុម Brighton កាលពីខែសីហា ឆ្នាំ ២០២២ ដោយជំនួសតំណែងលោក Graham Potter ដែលសម្រេចចិត្តទៅដឹកនាំក្រុម Chelsea។

បុរសវ័យ ៤៤ឆ្នាំ បានជួយឱ្យក្រុម Brighton ក្លាយជាក្រុមខ្លាំងមួយប្រចាំ Premier League ដោយការដឹកនាំដំបូងរបស់លោក ធ្វើឱ្យក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៦ និងជួយក្រុមជាប់ទៅកាន់ពានអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

សម្រាប់ការចាកចេញក្រោយផុតកំណត់កិច្ចសន្យានេះ បុរសសញ្ជាតិអ៊ីតាលីបាននិយាយថា ជាថ្ងៃដែលលំបាកក្នុងការរៀបរាប់ ប៉ុន្តែក៏ជាថ្ងៃដ៏ពិសេសសម្រាប់បទពិសោធន៍ជីវិត។

លោក De Zerbi បាននិយាយបែបនេះថា៖ “ស្ថិតក្នុងការទំនាក់ទំនងជាមួយ Brighton វាពិតជារឿងមួយ ដែលសំខាន់បំផុតនៃបទពិសោធន៍ជីវិតរបស់ខ្ញុំ។ ពេលនេះមិនទាន់មានក្លិបណាមួយនៅឡើយ គ្មាននរណាដាក់សំណើអ្វីទេ ពេលនេះគឺគ្មានសោះ។ ខ្ញុំរំពឹងថានឹងធ្វើការងារជាថ្មីនៅក្នុង Premier League ដដែល។ ខ្ញុំមិនដឹងទេថាពេលណា ឬទីណាឡើយ ប៉ុន្តែវាជាកិត្តិយសរបស់ខ្ញុំដែលបានធ្វើការនៅ Premier League។”

រដូវកាល ២០២៣-២៤ ក្រុម Brighton ហាក់បីធ្វើមិនសូវបានល្អដូចរដូវកាលមុន ដោយពួកគេជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ១១ ក្នុង Premier League ហើយនៅការប្រកួតពានរង្វាន់ Europa League ទៀតសោតបានត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង