×

ថ្នាក់ដឹកនាំក្លិប Bayern Munich ជឿថា លោក Thomas Tuchel អាចនឹងទៅដឹកនាំ Man UTD

ក្រុមថ្នាក់ដឹកនាំក្លិប Bayern Munich បង្ហាញភាពជឿជាក់ថា លោក Thomas Tuchel ដែលបានបដិសេធសំណើបន្តដឹកនាំក្លិបអាល្លឺម៉ង់ ព្រោះតែលោកទទួលបានសំណើ និងបានយល់ព្រមក្នុងការទៅដឹកនាំក្លិបដទៃផ្សេងទៀត។ ក្លិបដែលលោក Tuchel ទំនងទៅដឹកនាំនោះគឺជាក្លិប Man UTD។

លោក Tuchel ត្រូវបានគេរាយការណ៍ថា បានយល់ព្រមទៅលើកិច្ចព្រមព្រៀងដឹកនាំ Man UTDនៅក្របខណ្ឌ Premier League និងជាការវិលត្រឡប់ទៅទឹកដីអង់គ្លេស សារជាថ្មី។ លោក Erik ten Hag ត្រូវបានគេរំពឹងថានឹងចាកចេញ ក្រោយពេលដឹកនាំក្រុមប្រកួតប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ទល់ក្រុម Man City រួច។ ការស្វែងរកអ្នកជំនួសលោក Ten Hag នោះ ក្លិប Man UTD ហាក់ដូចជាធ្វើការងារលឿន ហើយបទពិសោធន៍ដឹកនាំ Chelsea ជោគជ័យនាគ្រាកន្លងមក នឹងអាចធ្វើឱ្យ ក្លិបបិសាចក្រហមងាកសម្លឹងមើលទៅកាន់លោក Tuchel។

កាលពីខែកុម្ភៈ លោក Tuchel បានសម្រេចចិត្តប្រកាសការចាកចេញពីក្លិប Bayern Munich ក្រោយចប់រដូវកាល ក្រោមមូលហេតុចម្បងគឺ ក្រុមមិនបានឈ្នះពានអ្វីទាំងអស់រដូវកាលនេះ ហើយថែមទាំងធ្លាក់ទម្រង់លេងទៀត។
ចាប់តាំងពីការប្រកាសរបស់លោក Tuchel ក្លិបអាល្លឺម៉ង់មួយនេះ ក៏បានស្វែងរកអ្នកជំនួស ប៉ុន្តែមានភាពលំបាក ព្រោះតែត្រូវបានគ្រូបង្វឹកដទៃបដិសេធ។

យ៉ាងណា មានការរាយការណ៍ថា Bayern Munich នឹងនាំយកលោក Vincent Kompany គ្រូបង្វឹក Burnley ដែលនៅបាតតារាងក្របខណ្ឌ Premier League មកដឹកនាំនៅរដូវកាលក្រោយ។ រវាងក្លិប Bayern Munich និងលោក Kompany ឈានដល់កិច្ចព្រមព្រៀង ខណៈភាគីសងខាងកំពុងតែជជែងជាមួយនឹងក្លិប Burnley។

ពេលកន្លងមក Bayern Munich ក៏បានបង្ហាញចេតនាចង់អោយលោក Tuchel បន្តដឹកនាំក្រុមនៅរដូវកាលក្រោយ ប៉ុន្តែត្រូវបានបុរសសញ្ជាតិអាល្លឺម៉ង់បដិសេធ ទោះមានកិច្ចពិភាក្សាជាច្រើន បានធ្វើឡើងរវាងថ្នាក់ដឹកនាំក្លិប ជាមួយនឹងលោក Tuchel ក៏ដោយ។

ហេតុផលដែលលោក Tuchel បដិសេធសំណើរដឹកនាំបន្ត ត្រូវបានក្លិប Bayern Munich បង្ហាញជំនឿជាក់ថាបុរសវ័យ ៥០ឆ្នាំ បានយល់ព្រមទទួលការងារនៅក្លិបថ្មីរួចបាត់ទៅហើយ។ ក្លិបដែល Bayern Munich ជឿជាក់នោះគឺ Man UTDដែលជាទីកន្លែងបន្ទាប់របស់លោក Tuchel៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង