×

លោក Erik ten Hag ថា បើរបូតតំណែងនៅ Man UTD លោកនឹងទៅដឹកនាំក្លិបផ្សេងអោយឈ្នះពាន

លោក Erik ten Hag បាននិយាយទៅកាន់ម្ចាស់ក្លិប Man UTD ថា ប្រសិនបើលោកត្រូវបណ្តេញចេញ ក្រោយពីទើបបានជួយក្រុមឈ្នះពាន FA Cup នោះលោកនឹងទៅដឹកនាំក្រុមដទៃផ្សេងទៀត ហើយឈ្នះពានជាមួយក្លិបនោះដូចគ្នា។

លោក Erik ten Hag បានឈ្នះពានរង្វាន់ទី២ នៅក្លិប Man UTD ដោយក្រុមបានប្រកួតយកឈ្នះលើក្រុម Man City ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup ដោយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ២-១ ។

ជាការពិត អនាគតរបស់លោក Erik ten Hag កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាបច្ចុប្បន្នលោកបន្តដឹកនាំក្នុងនាមជាគ្រូបង្វឹកក្រុមបិសាចក្រហមក្តី។ លោក Ten Hag អះអាងថា លោកនឹងបន្តឈ្នះពានបន្តទៀត ទោះបីជានៅជាមួយ Man UTD ឬក្លិបផ្សេងទៀត។

លោក Ten Hag បាននិយាយបែបនេះ ក្រោយដឹកនាំក្រុមឈ្នះពានថា៖ “ពានរង្វាន់ ២ ក្នុងរយៈពេល ២ឆ្នាំ មិនមែនជារឿងអាក្រក់ វគ្គផ្តាច់ព្រ័ត្រ ៣ ក្នុងរយៈពេល ២ឆ្នាំ ក៏មិនមែនជារឿងអាក្រក់។ ប្រសិនបើពួកគេមិនចង់បានខ្ញុំ ដូច្នេះខ្ញុំទៅកាន់កន្លែងផ្សេង ដើម្បីឈ្នះពាន ព្រោះនេះជាអ្វីដែលខ្ញុំត្រូវធ្វើ។”

អនាគតលោក Ten Hag ស្ថិតក្នុងវិបត្តិ ចាប់តាំងពីក្រុមធ្វើមិនបានល្អ ជួបរឿងខកចិត្ត ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Premier League។

សហម្ចាស់ក្លិបថ្មី លោក Jim Ratcliffe បានបដិសេធសំណើក្នុងការការពារលោក Ten Hag ជាសាធារណៈ ចំពោះរឿងអនាគតរបស់គ្រូបង្វឹករបស់ក្រុម។ ក្រុមបិសាចក្រហមត្រូវបានរាយការណ៍ថា បានទាក់ទងយ៉ាងជិតស្និទ្ធក្នុងការនាំយកលោក Thomas Tuchel មកដឹកនាំ ខណៈភាគីទាំងពីរ ត្រូវបានគេរំពឹងថា បានឈានដល់កិច្ចព្រមព្រៀង។

យ៉ាងណា លោក Ten Hag បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Ratcliffe និងក្រុមប្រតិបត្តិ INEOS ដឹកនាំដោយប្រធានផ្នែកកីឡាលោក Dave Brailsford ទៅលើបញ្ហាអនាគតរបស់ក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង