គ្រូបង្វឹកលោក Unai Emery បានចុះកិច្ចសន្យាថ្មី ជាមួយ Aston Villa រយៈពេល៥ឆ្នាំទៀត ដែលនឹងធ្វើអោយរូបលោកដឹកនាំក្លិបរហូតដល់ឆ្នាំ ២០២៩។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League។
ការចុះកិច្ចសន្យាថ្មីរបស់លោក Unai Emery គឺកើតឡើងរយៈពេល១ខែក្រោយពីរូបលោក ទើបតែបន្លាយកិច្ចសន្យា ៣ ឆ្នាំ នៅទឹកដី Villa Park។
ក្រោយទទួលបានការបន្តកុងត្រាថ្មីនេះ លោក Unai Emery បានបង្ហាញអារម្មណ៍របស់ខ្លួនថា “ខ្ញុំរីករាយណាស់ដែលបានបោះជំហាននេះ និងការទទួលខុសត្រូវក្នុងការដឹកនាំក្លិបនេះ។ វាមានរឿងអស្ចារ្យជាច្រើននៅ Aston Villa ដែលខ្ញុំបានទទួលពីសមាជិកក្លិប និង អ្នកគាំទ្រ ហើយធ្វើអោយខ្ញុំយល់ថា ទីនេះជាផ្ទះរបស់ខ្ញុំ។”
បុរសវ័យ៥២ឆ្នាំ បានកែប្រែ Aston Villa អោយមានភាពល្អប្រសើរយ៉ាងខ្លាំង ចាប់តាំងពីមកចូលរួមក្លិបនៅខែតុលា ឆ្នាំ២០២២ ក្រោយចាកចេញពីក្លិបអេស្ប៉ាញ Villarreal ដោយបានជួយក្លិបដែលកំពុងមានស្ថានភាពលំបាក រហូតឡើងមកឈរនៅចំណាត់ថ្នាក់លេខ៧ នៅរដូវកាលដំបូងរបស់ខ្លួន។
នៅរដូវកាលនេះវិញ លោក Unai Emery បានជួយ Aston Villa បញ្ចប់នៅចំណាត់ថ្នាក់លេខ៤ និងទទួលបានកៅអី ក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ និងជាលើកដំបូងក្រោយបាត់មុខ៤២ឆ្នាំ។
ក្រុមដែលដឹកនាំដោយលោក Unai Emery បង្ហាញខ្លួនចុងក្រោយនៅពានកំពូលអឺរ៉ុប នៅរដូវកាល ១៩៨១-៨២។ Aston ក៏ធ្លាប់ជាម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប ១សម័យកាលផងដែរ ក្នុងឆ្នាំ ១៩៨១-៨២ ដោយកាលនោះពានរង្វាន់មានឈ្មោះថា European Cup៕