ក្លិប Chelsea កំពុងតែមានការពិភាក្សាមួយ ដើម្បីសម្រេចនៅការតែងតាំងគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប Leicester City លោក Enzo Maresca មកជាអ្នកបន្តតំណែងពីលោក Mauricio Pochettino ដែលបានចាកចេញពីក្លិបកាលពីពេលកន្លងទៅ។ នេះបើតាមការអោយដឹងពីសារព័ត៌មាន BBC។
បុរសសញ្ជាតិអ៊ីតាលី វ័យ ៤៤ឆ្នាំ បានចូលដឹកនាំ Leicester City កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយបានជួយពួកគេត្រឡប់ទៅលេងនៅលីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយវិញ ជាមួយនឹងការឈ្នះជើងឯកនៅលីគទី២អង់គ្លេស Championship នារដូវកាលនេះ។
ប្រភពដដែលឱ្យដឹងថា លោក Maresca ក៏មានការចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Chelsea ជាមួយនឹងការពិភាក្សាបន្តរវាងក្លិបទាំងពីរ បន្ទាប់ពីគ្រូបង្វឹករបស់ Ipswich Town លោក Kieran McKenna បានធ្លាក់ចេញពីការចាប់អារម្មណ៍លើតួនាទីនេះ។
ជាមួយគ្នានោះ មតិភាគច្រើនក្នុងក្លិប Chelsea បានមានការយល់ថា លោក Enzo Maresca គឺជាជម្រើសដ៏ត្រឹមត្រូវ ខណៈដែលលោក Roberto de Zerbi នឹងលោក Thomas Frank ក៏មិនទាន់ច្រានចោលទាំងស្រុងនោះទេ។
រំឮកផងថា លោក Mauricio Pochettino បានចាកចេញដោយមានការយល់ព្រមទៅវិញទៅមកជាមួយក្លិប Chelsea ក្នុងខែឧសភានេះ បន្ទាប់ពីបានដឹកនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League ២០២៣-២៤ ក្នុងការដឹកនាំមួយរដូវកាលរបស់លោក ដែលក្លិបក៏មានកៅអីលេងពានទី៣ អឺរ៉ុប UEFA Conference League រដូវកាលក្រោយ។
គួរបញ្ជាក់ផងថា លោក Enzo Maresca មានបទពិសោធធ្វើជាគ្រូបង្វឹក ទើបបាន ៣ក្លិប ក្នុងនោះ ក៏មានការដឹកនាំក្រុមយុវជន Manchester City EDS និងក្លាយជាគ្រូបង្វឹកពេញសិទ្ធនៅក្លិប Parma នាក្របខណ្ឌកំពូលអ៊ីតាលី Serie A ជាមួយបន្តភាពជោគជ័យនៅក្លិប Leicester City ជាមួយការដឹកនាំរកបានលទ្ធផលឈ្នះ ៣៦ប្រកួត ពីចំណោម ៥៣ប្រកួត ៕