ខ្សែប្រយុទ្ធ Anthony Martial នឹងចាកចេញពី Man UTD នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់ត្រានៅក្នុងខែមិថុនា ខាងមុខ។ នេះបើតាមការអះអាងដោយផ្ទាល់ពីកីឡាករសញ្ជាតិបារាំង។
កីឡាករវ័យ២៨ឆ្នាំ បានចូលរួមជាមួយក្លិបរហស្សនាមបិសាចក្រហម កាលពីឆ្នាំ ២០១៥ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៩០គ្រាប់ ពីការបង្ហាញខ្លួន ៣១៧លើក។
ការចាកចេញរបស់ Martial ក៏ត្រូវបានគេរំពឹងទុកតាំងពីដើមរដូវកាលមកម្ល៉េះ ខណៈដែលរូបគេជួបបញ្ហារបួសញឹកញ៉ាប់ នាប៉ុន្មានរដូវកាលចុងក្រោយ ហើយថែមទាំងធ្លាក់ទម្រង់លេងខ្លាំង។ បញ្ហានេះបានធ្វើអោយគេបាត់ឈ្មោះពីបញ្ជីរបស់ Man UTD ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik ten Hag។
ស្ថិតក្នុងជ័យជំនះពានរង្វាន់ FA Cup ដែល Man UTD យកឈ្នះលទ្ធផល ២-១ លើ Man City កាលពីពេលកន្លងទៅនោះ Anthony Martial គ្មានវត្តមានជាមួយនឹងក្រុមឡើយ។
ក្រោយពេលក្រុមឈ្នះពាន Martial បានបង្ហោះសារនៅលើបណ្តាញសង្គម និយាយពីការលាគ្នា ជាមួយក្លិបដែលរួមរួសរយៈពេល ៩ឆ្នាំ។
អតីតសមាជិក Monaco បាននិយាយដូច្នេះថា៖ “ជាអារម្មណ៍ដ៏ពិបាក និងអស្ចារ្យមួយ ដែលខ្ញុំបានសរសេរទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះ ក្នុងការលាគ្នា។ បន្ទាប់ពីរយៈពេល ៩ឆ្នាំ ដ៏អស្ចារ្យជាមួយក្លិប ពេលវេលាមកដល់ហើយ។”
Anthony Martial គឺជាកីឡាករបារាំងទីពីរ ដែលបានប្រកាសចាកចេញពី Man UTD ក្រោយចប់រដូវកាល ២០២៣-២៤ ដោយកាលពីដើមខែឧសភា ខ្សែការពារ Raphael Varane បានប្រកាសពីការចាកចេញរបស់គេ តាមរយៈឃ្លីបវីដេអូ លើគេហទំព័រក្លិប៕