
ក្រោយឡើងមក Premier League ក្លិប Leicester City ប្រឈមនឹងការកាត់ពិន្ទុ ដោយសារតែបទល្មើសនឹងបទបញ្ញត្តិស្ដីពីប្រាក់ចំណេញ និងនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។
ប្រភពខាងលើបានអោយដឹងថា ក្លិបជើងឯកលីគកំពូលអង់គ្លេសកាលពីឆ្នាំ២០១៦មួយនេះ ប្រឈមនឹងការកាត់ពិន្ទុប្រមាណពី ១០ ទៅ ១៥ពិន្ទុ។
Leicester City រងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងកាត់ពិន្ទុតាំងពីខែមីនាមកម្ល៉េះ តែក្រោយពីរដូវកាល ២០២៣-២៤ បានបញ្ចប់ ក្លិបមួយនេះបានឡើងមកលេងនៅ Premier League វិញ ក្រោយលើកពានលីគលំដាប់ទី២របស់អង់គ្លេស Championships។
បើតាមការចោទប្រកាន់ ខាងអាជ្ញាធរបាល់ទាត់អង់គ្លេសបានចោទ Leicester City ថា ក្លិបនេះបានចំណាយលើសពីការអនុញ្ញាតតាមការកំណត់របស់ច្បាប់ហិរញ្ញវត្ថុបាល់ទាត់ ក្នុងរយៈពេល ៣ឆ្នាំនៅ Premier League មុនពេលដែលក្លិបបានធ្លាក់ទៅលេងនៅលីគទី២។
អាជ្ញាធរបាល់ទាត់អង់គ្លេសបន្តចោទថា Leicester City មិនបានជូនរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្មមកកាន់ស្ថាប័នរបស់ខ្លួនឡើយ។
គិតត្រឹមខែឧសភា ឆ្នាំ២០២២ ក្លិប Leicester City មានការខាតបង់ក្បែរ ១១៩លានដុល្លារអាមេរិកក្នុងរយៈពេល ១២ខែ។ នៅក្នុងក្របខណ្ឌ Premier League ច្បាប់អនុញ្ញាតអោយក្លិបនីមួយៗខាតបង់ប្រមាណ ១៣០លានដុល្លារក្នុងរយៈពេល ៣ឆ្នាំ ឬ ខ្ទង់ ៤០លានដុល្លារក្នុងមួយឆ្នាំ។
បើតាមច្បាប់ខាងលើនេះ ខាងអាជ្ញាធរបាល់ទាត់អង់គ្លេសចង់ទប់ស្កាត់កុំអោយក្លិបនានាមានការចំណាយ លើសពីចំណូល ដែលជាការប៉ះពាល់ដល់និរន្តរភាពរបស់ក្លិប ក៏ដូចជាធ្វើយ៉ាងណាអោយក្លិបតូចៗអាចចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ជាមួយក្លិបដែលមានធនធានខ្ពស់ៗផងដែរ៕