×

លោក Enzo Maresca ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី Chelsea ក្រោយចែកផ្លូវជាមួយ Leicester City

ក្លិប Chelsea បានសម្រេចតែងតាំង លោក Enzo Maresca មកជាគ្រូបង្វឹកថ្មីរបស់ខ្លួន ក្រោយពីរូបលោកបានចែកផ្លូវគ្នាជាមួយក្លិប Leicester City ដោយនឹងចុះកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការដឹកនាំនាទឹកដី Stamford Bridge។

បុរសជនជាតិអ៊ីតាលី នឹងចាកចេញពី Leicester City ដែលលោកបានជួយអោយក្លិបឡើងមកកាន់ក្របខណ្ឌ Premier League វិញ នៅក្នុងការដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួន ដោយការឈ្នះជើងឯកនៅលីគទី២អង់គ្លេស Championship ។

សម្រាប់ក្លិប Leicester City បានបង្ហាញការសោកស្តាយ ចំពោះការចាកចេញរបស់លោក Enzo Maresca ប៉ុន្តែពួកគេក៏បានសម្តែងការអរគុណ ចំពោះការដឹកនាំរបស់លោក និងបង្ហាញការជូនពរការងារថ្មីរបស់លោកអោយទទួលជោគជ័យផងដែរ។

បុរសវ័យ៤៤ឆ្នាំ នឹងមកជំនួសតំណែងរបស់លោក Mauricio Pochettino ដែលបានចាកចេញពី Chelsea កាលពីខែមុន ក្រោយដឹកនាំបាន១រដូវកាលប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់លោក Pochettino ក្លិបតោខៀវ មានការអភិវឌ្ឈតិចតួច ដោយបញ្ចប់ការប្រកួត Premier League នៅចំណាត់ថ្នាក់លេខ៦ នឹងមានកៅអីលេងពានលំដាប់ទី៣អឺរ៉ុប UEFA Conference League រដូវកាលក្រោយ។

លោក Maresca នឹងចាប់ផ្តើមការងារថ្មី ជាមួយ Chelsea នៅថ្ងៃទី១ ខែកក្កដា ខាងមុខ ហើយការងារគោលរបស់លោក គឺការដឹកនាំ Chelsea អោយទទួលបានកៅអី Champions League វិញ ក្រោយពីពួកគេធ្លាប់ឈ្នះពានរង្វាន់កំពូលអឺរ៉ុបនេះជាលើកទី២ កាលពីឆ្នាំ ២០២១ កន្លងទៅ។

គួរបញ្ជាក់ផងថា លោក Enzo Maresca មានបទពិសោធធ្វើជាគ្រូបង្វឹក ទើបបាន ៣ក្លិប ក្នុងនោះ ក៏មានការដឹកនាំក្រុមយុវជន Manchester City EDS និងក្លាយជាគ្រូបង្វឹកពេញសិទ្ធនៅក្លិប Parma នាក្របខណ្ឌកំពូលអ៊ីតាលី Serie A ជាមួយបន្តភាពជោគជ័យនៅក្លិប Leicester City ដោយការដឹកនាំរកបានលទ្ធផលឈ្នះ ៣៦ប្រកួត ពីចំណោម ៥៣ប្រកួត ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង