បន្ទាប់ពីមានការបង្ហាញឯកសារ និង ពន្យល់ពីផលប្រយោជន៍ស្តីពីការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR នៅក្នុងការប្រកួត Premier League ក្លិបទាំង ២០ បានបោះឆ្នោតសម្រេចអោយបន្តប្រើប្រាស់ប្រព័ន្ធនេះនៅរដូវកាលបន្តបន្ទាប់ដដែល។
រដូវកាល ២០២៣-២៤ ក្លិបមួយចំនួនបានតវ៉ា ស្តីពីការកាត់សេចក្តីខុសពីប្រព័ន្ធ VAR ប៉ុន្តែកំហុសឆ្គងហាក់បីមានតិចជាង ការកាត់សេចក្តីដែលត្រឹមត្រូវ។ ក្លិបដែលបានតវ៉ា ទាក់ទងនឹងការកាត់សេចក្តីខុសរបស់ប្រព័ន្ធ VAR រួមមាន Liverpool, Wolverhampton Wanderers និងក្លិបមួយចំនួនទៀត ហើយក្លិបទាំងនោះទាមទារអោយមានដំណោះស្រាយ និងចង់ដក VAR ចេញ។ យ៉ាងណាក្លិប Man City, Arsenal និង Tottenham Hotspur នៅតែចង់អោយបន្តប្រើប្រាស់ ប្រព័ន្ធ VAR ដដែលនៅរដូវកាលបន្តបន្ទាប់។
យ៉ាងណា ក្រោយពីកិច្ចប្រជុំ និង ការបោះឆ្នោតរួចរាល់មក ក្លិបចំនួន ១៩ ចំណោម ២០ក្លិប បាន គាំទ្រអោយប្រព័ន្ធ VAR ដែលបានដាក់បញ្ចូលក្នុងការប្រកួតតាំងពីរដូវកាល ២០១៩-២០ បន្តប្រើប្រាស់តទៅទៀត ដោយមានតែក្លិប Wolverhampton តែមួយប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំង។
ចំណុចសំខាន់ៗចំនួន ៦ បានកំណត់អំឡុងពេលកិច្ចពិភាក្សាជាមួយក្លិបទាំងអស់ ដោយក្នុងនោះរួមមាន ការរក្សាកម្រិតខ្ពស់ និងផ្តល់ភាពខ្លាំងសម្រាប់ VAR ផងដែរ។
បន្ទាប់ពីកិច្ចប្រជុំនោះ Premier League ថែមទាំងប្រកាសថានឹងដាក់អោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Offside ផងដែរ នៅចុងឆ្នាំ ២០២៤ ដើម្បីជាការជួយពន្លឺនដល់ការសម្រេចចិត្តរបស់ប្រព័ន្ធ VAR ទៅកាន់មន្រ្តីអាជ្ញាកណ្តាលក្នុងទីលានប្រកួត តាមរយៈការចាប់ជំហរក្រៅល្បែង ពីប្រព័ន្ធបន្ទះឆីប ដែលដាក់នៅក្នុងគ្រាប់បាល់ដោយផ្ទាល់៕