លោក Erik Ten Hag នឹងបន្តកាន់ការងារជាគ្រូបង្វឹកដឹកនាំ Manchester United សម្រាប់រដូវកាលក្រោយទៀត បើទោះជាក្រុមបញ្ចប់ការប្រកួត Premier League រដូវកាល២០២៣-២៤ ក្នុងចំណាត់ថ្នាក់ លេខ៨ក៏ដោយ។
ការសម្រេចចិត្តបានកើតឡើង ក្រោយពីដំណាច់រដូវកាលកន្លងទៅ ដោយបើទោះជាលោក Ten Hag មិនបានដឹកនាំក្រុមទទួលចំណាត់ថ្នាក់ល្អនៅលីគកំពូលអង់គ្លេសក្តី ប៉ុន្តែពួកគេក៏បានបញ្ចប់ជាមួយភាពរីករាយគឺបានឈ្នះពានរង្វាន់ FA Cup ដោយផ្តួលគូប្រជែងរួមទីក្រុង និងជាក្រុមជើងខ្លាំងនៅអង់គ្លេសគឺ Man City។
បើតាមសារព័ត៌មាន Sky Sports បានរាយការណ៍អោយដឹងថា បុរសជនជាតិហូឡង់ កំពុងតែពិភាក្សាលក្ខខណ្ឌថ្មីៗ ស្របពេលកិច្ចសន្យាចាស់របស់លោកបានឈានដល់ឆ្នាំចុងក្រោយ បន្ទាប់ពីដឹកនាំក្រុមរយៈពេល២ឆ្នាំរួចមក។
អតីតគ្រូបង្វឹក Ajax Amsterdam លោក Erik Ten Hag បានស្ថិតក្រោមសម្ពាធ ក្រោយពីក្រុមជើងឯកលីគកំពូលអង់គ្លេស២០សម័យ Man UTD បានទទួលរងលទ្ធផលអាក្រក់បំផុត ចាប់តាំងពីរដូវកាល ១៦២-៦៣ ដោយពួកគេរងបរាជ័យដល់ទៅ ៨ប្រកួត គិតត្រឹមការប្រកួត ១៥លើកដំបូង នៅគ្រប់កម្មវិធី។
ក្រុមបិសាចក្រហមបានបញ្ចប់រដូវកាល ការប្រកួត Premier League ក្នុងចំណាត់ថ្នាក់លេខ៨ ក្រោយជួបការបរាជ័យដល់ទៅ១៤ដង ក្នុងចំណោម ៣៨ប្រកួត នៅលីគកំពូលអង់គ្លេស ហើយពួកគេបានធ្លាក់ពីពានរង្វាន់ UEFA Champions League ដោយបញ្ចប់នៅបាតតារាង ពូល A ថែមទៀត៕