សារព័ត៌មាន Express នៅអង់គ្លេសបានធ្វើការរាយការណ៍ថា ក្លិប Manchester City បានចាប់ផ្តើមស្វែងរកផ្លូវច្បាប់ ដើម្បប្តឹងតបទៅស្ថាប័ន Premier League វិញ ទាក់ទិនបញ្ហាច្បាប់ហិរញ្ញវត្ថុ មុនពេលសវនាលើការចោទប្រកាន់ ចំនួន១១៥ ករណីរបស់ពួកគេ។
Man City កំពុងព្យាយាមបញ្ចប់ច្បាប់ប្រតិបត្តិការភាគីពាក់ព័ន្ធរបស់ Premier League ដោយច្បាប់ទាំងនោះមានជាប់ទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និង ការឧបត្ថម្ភជាមួយនឹងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធទៅនឹងម្ចាស់ក្លិបដូចគ្នា។
ច្បាប់ទាំងនោះកំណត់ថា ប្រតិបត្តិការបែបនេះ ត្រូវតែបានវាយតម្លៃដោយឯករាជ្យ ដើម្បីអោយមានភាពយុត្តិធម៌ក្នុងតម្លៃទីផ្សារ ដោយច្បាប់នេះត្រូវបានបង្កើតឡើងក្នុងខែធ្នូឆ្នាំ២០២១។
យ៉ាងណា ជុំវិញច្បាប់បង្កើតថ្មីនេះ Man City ត្រូវបានចោទប្រកាន់ជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងការបំពានច្បាប់ហិរញ្ញវត្ថុ ជាង១០០ករណី ក្នុងរយៈពេល៩ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ២០០៩ និង បន្តរហូតដល់ឆ្នាំ២០១៨។
ការចោទប្រកាន់ទៅលើក្លិបមេឃខៀវ មិនបានបង្ហាញអោយបានពេញលេញនូវប្រាក់បំណាច់ហិរញ្ញវត្ថុ ដែលត្រូវបានធ្វើឡើងចំពោះគ្រូបង្វឹកម្នាក់ ក្នុងចំណោមគ្រូបង្វឹករបស់ពួកគេក្នុងរយៈពេល៤ឆ្នាំ។ ដូចនេះ អាចមានន័យថា មានកិច្ចសន្យាសម្ងាត់មួយដោយគ្រូបង្វឹកម្នាក់ទទួលបានប្រាក់ខែច្រើនជាងការបញ្ជាក់ជាផ្លូវការរបស់ក្លិប។
Premier League ក៏បានចោទប្រកាន់ថា Man City មិនបានគោរពតាមច្បាប់ស្តីពីហិរញ្ញវត្ថុរបស់ UEFA ក្នុងរយៈពេល៥ឆ្នាំ។ ពួកគេបានបន្តចោទប្រកាន់ Man City មិនបានសហការពេញលេញជាមួយការស៊ើបអង្កេត របស់ Premier League ដូចគ្នាដែរ។
សម្រាប់សវនាការលើការចោទប្រកាន់ចំនួន១១៥ ករណីរបស់ក្លិប Man City ត្រូវបានក្លិប បដិសេធទាំងអស់ ប៉ុន្តែលទ្ធផលកាត់ក្តីនឹងត្រូវដឹងនៅក្នុងខែវិច្ឆិកាខាងមុខ៕