នៅក្នុងដំណាក់កាលបច្ចុប្បន្ន ក្លិប Man City ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការពិចារណា យ៉ាងម៉ត់ចត់លើគោលដៅបេក្ខភាពគ្រូបង្វឹកថ្មីដ៏មានសក្កានុពលមួយរូប ដើម្បីមកជំនួស លោក Pep Guardiola បើសិនជាលោកសម្រេចចាកចេញនៅរដូវកាលក្រោយ។
ចាប់តាំងពីមកកាន់ការងារជាគ្រូបង្វឹកនៅឆ្នាំ២០១៦ លោក Pep Guardiola បានជួយក្រុមរហស្សនាមមេឃខៀវ អោយទទួលបានជោគជ័យយ៉ាងខ្លាំង។
ជាក់ស្តែង ក្នុងរយៈពេលកន្លងមកនេះ បុរសជនជាតិអេស្ប៉ាញ វ័យ ៥៣ឆ្នាំ បានជួយអោយក្រុមឈ្នះពានរង្វាន់ធំៗរួចមកហើយដូចជា ពាន Premier League ៦សម័យ UEFA Champions League ១សម័យ UEFA Super Cup ១សម័យ FIFA Club World Cup ១សម័យ និងពានរង្វាន់ជាច្រើនទៀត។
យ៉ាងណា លោក Pep Guardiola អាចនឹងចាកចេញពី Man City នៅដំណាច់រដូវកាល ២០២៤-២៥ បន្ទាប់ពីកុងត្រារបស់លោកផុតសុពលភាព។
ប្រភពពីសារពត៌មាន Football Transfers បានអោយដឹងថា លោក Xabi Alonso គ្រូបង្វឹករបស់ Bayer Leverkusen ត្រូវបានជឿថា ជាអ្នកស្នងតំណែងដ៏ល្អបំផុតរបស់លោក Pep Guardiola នៅ Man City ហើយអតីតខ្សែបម្រើ Real Madrid និង Liverpool រូបនេះ ក៏នឹងអាចដើរតាមគន្លងរបស់លោក Pep Guardiola ដែលធ្វើអោយក្រុមទទួលជោគជ័យផងដែរ។
សូមបញ្ជាក់ថា លោក Xabi Alonso កាលពីរដូវកាល ២០២៣-២៤កន្លងទៅ លោកបានជួយអោយ Bayer Leverkusen ឈ្នះជើងឯកក្របខណ្ឌ Bundesliga និង ពានរង្វាន់ German Cup ថែមទៀតផង ខណៈកុងត្រារបស់លោកជាមួយក្លិប នៅសល់រយៈពេល២ឆ្នាំទៀត គឺដល់ឆ្នាំ២០២៦៕