លោក Erik ten Hag បានអះអាងថា Man UTD ពិតជាបានទាក់ទងគ្រូបង្វឹកថ្មីទៅដឹកនាំក្រុមកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែឈានដល់ការសម្រេចចិត្តចុងក្រោយ ពួកគេនៅតែជ្រើសយករូបលោកដដែល បន្ទាប់ពីបានដឹកនាំក្រុមឈ្នះពាន FA Cup កាលពីខែឧសភា។
លោក Ten Hag បានប្រាប់នៅក្នុងកម្មវិធីកីឡារបស់ទូរទស្សន៍ហូឡង់ដូច្នេះថា “គ្មានរឿងសម្ងាត់ឡើយ គ្រប់គ្នាបានឮ និងពួកគេនិយាយអំពីបេក្ខភាពថ្មី។ នៅប្រទេសហូឡង់វានឹងក្លាយជារឿងមិនចប់ឡើយ អ្នកនឹងមិនអនុញ្ញាតអោយជជែកជាមួយក្លិបដទៃឡើយ ប្រសិនបើទីនោះមានអ្នកកំពុងតែដឹកនាំហ្វឹកហាត់ ប៉ុន្តែនៅអង់គ្លេស វិន័យ និងច្បាប់មានភាពខុសប្លែកគ្នា។ ប៉ុន្តែនៅចុងបញ្ចប់ពួកគេ បានឈានដល់ការសម្រេចចិត្ត ដែលពួកគេចាក់ទុកថាបច្ចុប្បន្នពួកគេកំពុងមានអ្នកដឹកនាំហ្វឹកហាត់ដ៏ល្អរួចទៅហើយ។”
បច្ចុប្បន្នលោក Erik ten Hag កំពុងតែស្ថិតនៅក្នុងវិសមកាល ស្ថិតក្នុងទីក្រុង Ibiza ប្រទេសហូឡង់ បន្ទាប់ពីពេលដែលអនាគតរបស់លោកជាមួយ Man UTD ត្រូវបានដោះស្រាយ។
រដូវកាល ២០២៣-២៤ Man UTD បានឈ្នះពានរង្វាន់ FA Cup ដែលជាពានរង្វាន់បន្ថែមទៀតជាលើកទី២ រយៈពេល ២រដូវកាល ជាប់គ្នា បន្ទាប់ពីពួកគេបានឈ្នះពាន League Cup កាលរដូវកាល ២០២២-២៣។ តែយ៉ាងណា ក្រុមបិសាចក្រហមបានបញ្ចប់ចំណាត់ថ្នាក់លេខ ៨ នៅក្នុងក្របខណ្ឌ Premier League ដែលជាកំណត់ត្រាអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៩០ មក។
ក្រុមស្ថិតក្នុងចំណាត់ថ្នាក់មិនល្អបែបនេះ លោក Erik ten Hag បានទទួលស្គាល់ថា រដូវកាល ២០២៣-២៤ ពិតជារដូវកាលដ៏ច្របូកច្របល់ និងមិនមែនជាវេលាល្អសម្រាប់ក្រុមបិសាចក្រហម។
ទោះបីជាដឹកនាំក្រុមធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៨ ប៉ុន្តែ ក្រោយពីពេលក្រុមឈ្នះពានរង្វាន់ FA Cup រួចមក Man UTD បានឈ្នះកៅអីលេងនៅក្នុងពានរង្វាន់អឺរ៉ុប Europa League សម្រាប់រដូវកាលក្រោយ៕