×

លោក Jim Ratcliffe បង្ហើបចំណុចអាទិភាព លើកកម្ពស់សមត្ថភាពក្លិប Man UTD

សហម្ចាស់ក្លិប Man UTD លោក Jim Ratcliffe បានបង្ហើបចំណុចអាទិភាពរបស់លោក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ក្លិបបិសាចក្រហម។

លោក Jim Ratcliffe បានក្លាយជាសហម្ចាស់ក្លិប Man UTD កាលពីខែកុម្ភៈ កន្លងទៅ ដោយបានទិញភាគហ៊ុនចំនួន ២៧.៧ ភាគរយ ពីគ្រួសារត្រកូល Glazer ដែលជាម្ចាស់ហ៊ុនធំរបស់ក្លិប។ ចំនួនភាគហ៊ុននេះ បើកផ្លូវអោយលោក Ratcliffe ក្លាយជាសហម្ចាស់ក្លិប Man UTD ហើយមានសិទ្ធិអំណាចសម្រេចលើកិច្ចការផ្សេងៗទាក់ទងទៅនឹងវិស័យកីឡារបស់ក្លិប។ ឥឡូវនេះ មហាសេដ្ឋីអង់គ្លេស វ័យ៧១ឆ្នាំបានបង្ហើបចំនុចអទិភាពមួយចំនួនដើម្បីលើកកម្ពស់ក្លិបឡើងវិញ។

ថ្លែងប្រាប់សារព័ត៌មាន លោក Ratcliffe បាននិយាយថា បញ្ហាចម្បងរបស់ Man UTD មិនមែនមកពីគ្រូបង្វឹកទេ នោះគឺបរិយាកាសដែលក្លិបដំណើរការមានសភាពមិនល្អ ដែលនាំអោយមានការសម្រេចចិត្តខុសជាច្រើន ជាពិសេសលើទីផ្សារដោះដូរកីឡាករ។ ជាង ១ ទសវត្សកន្លងទៅ Man UTD ចំណាយដល់ទៅជាង ១,៤ ពាន់លានដុល្លារ តែលទ្ធផលនៅតែមិនគាប់ប្រសើរ។

ទិសដៅអាទិភាពរបស់លោក Ratcliffe សម្រាប់ Man UTD គឺមិនមែនផ្ដោតទៅលើការទិញកីឡាករថ្លៃៗនោះទេ តែត្រូវផ្ដោតសំខាន់ទៅលើការងារអភិវឌ្ឍក្រុមកីឡាករ ដើម្បីអោយមានលំនឹង។ ម៉្យាងវិញទៀត ក្លិបត្រូវបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ដំណើរការក្លិប ដោយត្រូវវិនិយោគបន្ថែមទៀតទៅលើហេត្ថារចនាសម្ព័ន្ធសំខាន់ៗ។

តាំងពីគ្រូបង្វឹកលោក Alex Ferguson បានចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ មក Man UTD បានធ្លាក់ក្នុងសភាពលំបាក ដោយមិនដែលឈ្នះពាន Premier League ឬ UEFA Champions League ឡើយ។ ក្រៅពីនេះ ទោះក្លិបបានចំណាយដើម្បីផ្ទេរចូលកីឡាករថ្លៃៗ ឬតែងតាំង គ្រូបង្វឹកល្បីៗ ក៏ទម្រង់លេងនៅតែមិនល្អ ហើយភាពប្រកួតប្រជែងរបស់ក្លិបបានធ្លាក់ចុះជាគំហុក។

មតិអ្នកគាំទ្ររបស់ក្លិប Man UTD ច្រើនទម្លាក់កំហុសលើកីឡាករ ឬគ្រូបង្វឹក នៅពេលមានលទ្ធផលមិនល្អ ហើយទាមទារការផ្លាស់ប្តូរ។ ទោះជាយ៉ាងណា ក៏មានមតិអ្នកគាំទ្រផ្សេងទៀត បានទម្លាក់កំហុសទៅលើម្ចាស់ក្លិប The Glazer Family ដែលធ្វើមិនបានល្អក្នុងការដឹកនាំ ដែល នាំអោយមានការសម្រេចចិត្តខុសជាច្រើន ជាពិសេសលើវិស័យបាល់ទាត់របស់ក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង