×

Man UTD បន្តកុងត្រាថ្មីដល់លោក Erik ten Hag ដល់ឆ្នាំ២០២៦

គ្រូបង្វឹកលោក Erik ten Hag បានចុះកុងត្រាថ្មីជាមួយ Man UTD ដើម្បីបន្តការដឹកនាំនាទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២៦។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។

ការបន្តកុងត្រាថ្មីនេះ មានន័យថាបុរសជនជាតិហូឡង់ទទួលបានឱកាសមួយផ្សេងទៀតដើម្បីស្ដារស្ថានភាពរបស់ក្រុមជើងឯកអង់គ្លេស ២០ សម័យត្រឡប់ទៅរកភាពរុងរឿងវិញ។

មានការរំពឹងទុកថា លោក Erik ten Hag នឹងត្រូវបណ្តេញចេញពីតំណែងបន្ទាប់ពី Man UTD បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៨ កាលពីរដូវកាលមុន ដែលជាការបញ្ចប់កម្រិតទាបបំផុតមិនធ្លាប់មានរបស់ពួកគេនៅក្នុងក្របខណ្ឌ Premier League។

កិច្ចសន្យាចាស់របស់លោក Ten Hag ក៏នឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២៤-២៥ ដែលធ្វើអោយមានការជឿថា រូបលោកនឹងអាចចាកចេញពីទឹកដី Old Trafford ឆាប់ៗ។ យ៉ាងណាមិញ ការឈ្នះដ៏គួរអោយភ្ញាក់ផ្អើលលើក្រុមម្ចាស់ជើងឯក Man City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បានធ្វើអោយលោក Ten Hag មានឱកាសដឹកនាំក្រុមបិសាចក្រហមបន្តទៀត។

ទោះបីជាលោក Erik ten Hag បានដឹកនាំ ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន២ក៏ដោយ ប៉ុន្តែលទ្ធផល និងទម្រង់លេងរបស់ Man UTD បានធ្លាក់ចុះយ៉ាងខ្លាំង។ Man UTD បានចំណាយប្រាក់ច្រើនជាង ៤០០លានផោន នាំចូលកីឡាករថ្មី តាំងពីលោក Erik ten Hag ចូលកាន់តំណែង។

ការចូលដឹកនាំ Man UTD ដំបូង លោក Erik ten Hag បានបង្កើតអារម្មណ៍នៃការរួមគ្នាដែលបានបាត់បង់ចាប់តាំងពីលោក Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ ។ ពួកគេរីករាយនឹងការ លើកពាន EFL Cup និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅ Premier League។ យ៉ាងណា នៅរដូវកាលទី ២ របស់លោក ten Hag កាន់តែអាក្រក់ទៅៗ ប៉ុន្តែអ្នកគាំទ្រ Man UTD ភាគច្រើននៅតែជឿជាក់លើរូបលោក ដោយលោកក៏មិនបានធ្វើអោយក្រុមអ្នកគាំទ្រខកចិត្តដែរ គឺពួកគេបានឈ្នះក្រុមគូប្រជែង Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ខណៈដែលក្រុមបិសាចក្រហមបានបង្ហាញការលេងដ៏ល្អបំផុតនៅក្នុងការដឹកនាំរបស់លោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង