សារព័ត៌មាន BBC នៅអង់គ្លេសបានធ្វើការរាយការណ៍ថា ក្លិប Man UTD នឹងកាត់បន្ថយការងារដែលមិនសំខាន់ចោលប្រមាណ២៥០កន្លែងដើម្បីបន្ថយការចំណាយរបស់ក្លិប។
ការត្រួតពិនិត្យលើប្រតិបត្តិការកាត់បន្ថយការងាររបស់ក្លិប Man UTD នេះ ត្រូវបាននាយកក្លិប លោក Dave Brailsford សហការជាមួយក្រុមហ៊ុន INEOS ដែលជាសហម្ចាស់ក្លិប តាំងតែពីខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ។
ក្រោយការត្រួតពិនិត្យការងារជាប្រចាំរបស់ក្រុមថ្នាក់ដឹកនាំក្លិបរួចមក ពួកគេរកឃើញថា ក្លិបមានបុគ្គលិកច្រើនលើសតម្រូវទៅទៀត។ ដូច្នេះ នៅពេលដែលលោក Jim Ratcliffe ដែលជាសហម្ចាស់ក្លិបថ្មីចូលមកដល់ លោក Brailsford ក៏បានប្រាប់ក្រុមការងារក្លិប ពីការសម្រេចចិត្តរបស់លោក អោយពួកគេត្រឡប់ទៅធ្វើការងារផ្សេងក្រៅពីកន្លែងក្លិបវិញ។
ក្រៅពីការកាត់បន្ថយការងារហើយ ក្លិបបិសាចក្រហមក៏នឹងលុបចោលសកម្មភាពដែលមិនសំខាន់មួយចំនួនផ្សេងទៀត ផងដែរ។
ចំពោះ សកម្មភាព ឬការងារដែលមិនចាំបាច់ទាំងនោះ មិនទាន់ត្រូវបានទទួលការបញ្ជាក់ពីខាងក្លិប Man UTD នៅឡើយទេ ដោយគ្រាន់តែគោលការណ៍នេះមានគោលបំណងធំគឺដើម្បីកាត់បន្ថយការងារ និងតម្លៃប្រាក់ឈ្នួលបុគ្គលិក។ បច្ចុប្បន្ននេះ ក្លិប Man UTD មានបុគ្គលិកសរុបប្រមាណ ១១៥០នាក់ ធ្វើការពេញម៉ោងតែម្តង។
កាលពី២ឆ្នាំមុន អតីតនាយកប្រតិបត្តិក្លិប Man UTD លោក Richard Arnold បានបញ្ជាក់ថា Man UTD បានចំណាយដោយឥតប្រយោជន៍ប្រមាណ ១ពាន់លានផោន ដើម្បីផ្តោតលើការងារអភិវឌ្ឈកីឡាកររបស់ក្លិប ប៉ុន្តែពួកគេបានសម្រេចផលតិចតួចបំផុត៕