អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជា នឹងរីករាយក្នុងការទស្សនាបាល់ទាត់ក្របខណ្ឌ Premier League ដែលមានអ្នកទស្សនាច្រើនជាងគេលើពិភពលោក ដែលនឹងត្រលប់មកវិញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនេះ CBS សូមប្រកាសជាផ្លូវការថា CBS បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នូវក្របខណ្ឌ Premier League រដូវកាល២០២៤-២៥ នៅកម្ពុជា។
រដូវកាលនេះ នឹងបន្តផ្តល់នូវភាពរំជើបរំជួល ការប្រកួតប្រជែងដ៏ខ្លាំងក្លា និងពេលវេលាដែលមិនអាចបំភ្លេចបាន។ អ្នកគាំទ្រ Premier League នឹងទទួលបាននូវរូបភាពត្រជាក់ភ្នែក តាមរយៈកញ្ចក់ទូរទស្សន៍របស់ CBS (CTN, MyTV និង CNC) ជាពិសេស ទស្សនិកជននឹងបានទស្សនារហូតដល់ ៤ គូ ឬអាចលើសពីនេះក្នុងមួយសប្ដាហ៍ ដែលមានការកើនលើសពីការផ្សាយមុនដែលមានតែចំនួន ៣ គូប៉ុណ្ណោះ។
កុំខកខានការប្រកួតលីគកំពូលអង់គ្លេសនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះឱ្យសោះ! ព័ត៌មានលម្អិតផ្សេងៗ ក៏នឹងមានផ្សាយជូនប្រិយមិត្តឱ្យបានជ្រាបកាន់តែច្បាស់ នៅពេលក្រោយៗជាបន្តទៀតផងដែរ។
អំពីក្រុមហ៊ុន CBS
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។
CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕