
ខ្សែប្រយុទ្ធ Mason Greenwood បានសម្រេចចាកចេញពី ក្លិបអង់គ្លេស Man UTD ដើម្បីទៅចូលរួមជាមួយក្លិបបារាំង Olympique de Marseille លើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបទាំង២។
សារពត៌មាននៅអង់គ្លេសបានរាយការណ៍ថា កីឡាករវ័យ២២ឆ្នាំ នឹងផ្លាស់ទៅចូលរួម ក្លិប Marseille ដោយមានតម្លៃនៃការផ្ទេរ ៣១,៦ លានអឺរ៉ូ។
Mason Greenwood បានបង្ហាញខ្លួន ១២៩ដង និង ស៊ុតបាន៣៥គ្រាប់ ក្រោយរូបគេបានមកលេងអោយក្រុមឈុតធំ Man UTD កាលពីឆ្នាំ២០១៩។ ទោះយ៉ាងណា Greenwood បានផ្លាស់ទៅលេងអោយក្លិប Getafe នៅលីគកំពូលអេស្ប៉ាញ ជាកីឡាករខ្ចីជើងកាលពីឆ្នាំ២០២៣។
ការសម្រេចអោយ Greenwood ទៅចូលរួមក្លិប Getafe ដោយសារ Man UTD ចង់ជៀសវាង បញ្ហារបស់គេជាមួយកីឡាកររបស់ក្លិប ដោយសារ Greenwood បានជួបប្រទះរឿងអាស្រូវ ប្រើប្រាស់អំពើហិង្សា និង ការរំលោភបំពាន អតីតមិត្តស្រី ហើយបើទោះជារូបគេបានរួចផុតការចោទប្រកាន់ក្តី តែកីឡាករអង់គ្លេសរូបនេះ ហាក់មិនអាចបន្តលេងជាមួយ Man UTD តទៅទៀតទេ។
ទៅលេងអោយក្លិប Getafe នោះ Greenwood បានបង្ហាញខ្លួន ៣៦ដង និង ស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបានជួយក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២នៅក្របខណ្ឌ La Liga រដូវកាល ២០២៣-២៤។
កន្លងទៅ ប្រធានក្លិប Getafe លោក Angel Torres និង ប្រធានស្ថាប័ន La Liga លោក Javier Tebas បានដាក់ក្តីរំពឹងថា Mason Greenwood អាចនឹងបន្តមានវត្តមានលេងនៅទឹកដីអេស្ប៉ាញទៀត ប៉ុន្តែចុងក្រោយ រូបគេបានសម្រេចទៅចូលរួមជាមួយ ក្លិប Marseille ទៅវិញ។
Mason Greenwood គឺជាកីឡាករទី៤ ផ្ទេរមកកាន់ទឹកដី Vélodrome ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Roberto De Zerbi ដែលបានមកកាន់តំណែង ក្រោយចាកចេញពីក្លិបអង់គ្លេស Brighton កាលពីខែមិថុនា កន្លងទៅ៕