
គ្រូបង្វឹកលោក Pep Guardiola បានចេញមុខមកបញ្ជាក់ថា ខ្សែបម្រើ Kevin De Bruyne នឹងមិនចាកចេញពី Manchester City ដើម្បីទៅលេងអោយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad នោះទេ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Daily Mail នៅអង់គ្លេស។
ជាការពិត ថ្មីៗនេះមានការផ្សព្វផ្សាយថា កីឡាករបែលហ្ស៊ីក បានក្លាយជាគោលដៅ និងកំពុងត្រូវបានក្លិប Al Ittihad ទាក់ទងយករូបគេទៅលេងនៅក្របខណ្ឌ Saudi Pro Leauge។ ពត៌មាននេះក៏កើតឡើងក្រោយពេល De Bruyne ធ្លាប់និយាយកាលពីខែមុនថា រូបគេដល់វ័យមួយដែលត្រូវគិតគូរពីរឿងចំណូលជាធំ ព្រោះជិតដល់អាយុចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពហើយ។ កុងត្រារបស់ De Bruyne នៅ Man City មានសុពលភាពរយៈពេល ១ ឆ្នាំទៀត។ ដូច្នេះ រូបគេបើកចំហរគ្រប់ជម្រើសទាំងអស់ ទាក់ទងនឹងអនាគត ដែលរួមមានទាំងការផ្ទេរចេញពី Man City ផងដែរ។ Al Ittihad គឺជាក្លិបសម្បូរធនធាន ហើយហ៊ានផ្តល់ប្រាក់ឈ្នួលយ៉ាងច្រើនសម្រាប់កីឡាករល្បីៗ។
ទោះយ៉ាងណា ពេលនេះ លោក Pep Guardiola បានចេញមុខមកបដិសេធ ការផ្សព្វផ្សាយទាំង នោះ នឹងថា ក្លិបមេឃខៀវ គ្មានបំណងបញ្ចេញ Kevin De Bruyne ទៅអោយក្លិបផ្សេងនោះទេ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានប្រាប់ដូច្នេះ “Kevin De Bruyne នឹងមិនចាកចេញទៅណានោះទេ។ ប្រសិនបើមានកីឡាកររូបណាត្រូវចាកចេញ នោះយើងនឹងពិភាក្សាអំពីរឿងនេះ។ ប៉ុន្តែ ពិតណាស់ មកដល់ពេលនេះ ខ្ញុំហ៊ានធានា ៨៥ភាគរយហើយ ថាពួកយើងនឹងមានសមាជិកនៅរួមគ្នាដដែល។”
Kevin De Bruyne គឺជាកីឡាករដ៏ឆ្នើមរបស់ Man City តាំងពីចូលរួមជាមួយក្លិបកាលពីឆ្នាំ ២០១៥ មក។ រូបបង្ហាញខ្លួន ៣៨២ លើក និងស៊ុតចូល ១០២ គ្រាប់ ហើយជួយក្លិបឈ្នះពានសរុបចំនួន ១៥ ក្នុងនោះពានធំៗគឺឈ្នះ Premier League ៦ ដង និង UEFA Champions League ម្ដង៕