
កាសែត The Time បានចុះផ្សាយកាលពីថ្ងៃចន្ទថា ការចាប់ផ្តើមនៃសវនាការលើការចោទប្រកាន់ចំពោះក្រុមបាល់ទាត់ Manchester City របស់គណៈកម្មការឯករាជ្យមួយ អាចនឹងចាប់ផ្តើមចន្លោះពីពាក់កណ្តាលដល់ចុងខែកញ្ញា។ សវនាការនេះ គ្រោងនឹងមានរយៈពេល ១០ សប្តាហ៍ ដោយសាលក្រមទំនងជានឹងត្រូវចេញនៅដើមឆ្នាំ ២០២៥។
ទាំងស្ថាប័ន Premier League ទាំង Manchester City មិនបានធ្វើការអត្ថាធិប្បាយជុំវិញការចុះផ្សាយនេះនៅឡើយទេ។
Man City ត្រូវបានចោទប្រកាន់លើការចុះកិច្ចព្រមព្រៀងជាមួយដៃគូសហការឧបត្ថម្ភ ដែលស្ថិតក្រោមម្ចាស់ក្លិបតែមួយ។ សារព័ត៌មានដដែលបាននិយាយថា បទចោទប្រកាន់ទាំង១១៥ ដែលក្រុងមេឃខៀវបានបដិសេធ នឹងមិនត្រូវបានពន្យារពេលទៀតទេ។
Man City ដែលគ្រប់គ្រងដោយម្ចាស់ក្លិបមកពី Abu Dhabi កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិ និងច្បាប់ស្ដីពីហិរញ្ញវត្ថុ ចន្លោះពីឆ្នាំ ២០០៩ ដល់ ២០២៣ ។
ប្រសិនបើរកឃើញថាមានកំហុស Man City ដែលបានឈ្នះជើងឯកលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន អាចប្រឈមមុខនឹងការកាត់ពិន្ទុ ឬអាចត្រូវកាត់ចេញពីក្របខណ្ឌ Premier League ៕