×

Bournemouth នាំយកខ្សែការពារ Julian Araujo ពី Barcelona លើកិច្ចសន្យារយៈពេល៥ឆ្នាំ

ក្លិបនៅលីគកំពូលអង់គ្លេស Bournemouth បានចុះហត្ថលេខានាំយកខ្សែការពារ Julian Araujo ពីក្លិបនៅលីគកំពូលអេស្ប៉ាញ Barcelona លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

សម្រាប់តម្លៃនៃការផ្ទេរកីឡាករជនជាតិម៉ិកស៊ិក មិនត្រូវបានខាងក្លិបទាំងសងខាង បញ្ចេញអោយដឹងនោះទេ។

Julian Araujo បានចូលរួមជាមួយក្លិប Barcelona ដោយផ្ទេរពីក្លិបអាមេរិក LA Galaxy កាលពីរដូវក្តៅមុន មុនពេលត្រូវបានខ្ចីជើងទៅក្លិប Las Palmas ជាទីដែលរូបគេបានបង្ហាញខ្លួននៅក្នុងការប្រកួតក្របខណ្ឌ La Liga ចំនួន ២៥ ដង។

ជុំវិញការផ្ទេរ Julian Araujo នេះដែរ នាយកប្រតិបត្តិក្លិប Bournemouth លោក Neill Blake បាននិយាយថា “Julian គឺជាកីឡាករដែលយើងបានតាមដានមួយរយៈឥឡូវនេះ ហើយយើងរីករាយក្នុងការនាំយករូបគេមកកាន់ Bournemouth។ គេជាកីឡាករវ័យក្មេងដែលមានសក្ដានុពលខ្ពស់ ហើយយើងរីករាយដែលបានចុះហត្ថលេខារូបគេ។

កីឡាករវ័យ ២៣ ឆ្នាំ រូបគេ បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្របខណ្ឌកំពូលអាមេរិក Major League Soccer ជាមួយ LA Galaxy ជាកន្លែងដែលរូបគេបានបង្ហាញខ្លួន ១០៨ ដង។

រូបគេក៏បានឈ្នះការប្រកួតចំនួន ១៣ដង សម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិក និងជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ Concacaf Gold Cup ឆ្នាំ ២០២៣ ។

Julian Araujo បានក្លាយជាកីឡាករទី៥ ដែលក្លិប Bournemouth បាននាំយកមកចូលរួមជាមួយខ្លួន បន្ទាប់ពីការមកដល់របស់ Dean Huijsen ផ្ទេរពី Juventus, Luis Sinisterra ផ្ទេរពីក្លិបលីគទី២អង់គ្លេស Portsmouth, Enes Unal ផ្ទេរមកពីក្លិបលីគទី២អង់គ្លេស Sheffield United និង Alex Paulsen ផ្ទេរមកពីក្លិបនូវេលហ្សេឡង់ Wellington Phoenix ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង