×

Arsenal ដាក់ពិន័យអ្នកគាំទ្រ២៤នាក់ ព្រោះសកម្មភាពមិនសមរម្យកាលពីរដូវកាលមុន

ក្លិប Arsenal បានធ្វើការដាក់ពិន័យអ្នកគាំទ្ររបស់ខ្លួនចំនួន២៤រូប ដោយមិនអនុញ្ញាតអោយពួកគេចូលទស្សនាការប្រកួតលើទីលានរបស់ពួកគេនោះទេ។

ការដាក់ពិន័យ បានកើតឡើងដោយសារអ្នកគាំទ្រទាំងនោះ បានបង្ហាញសកម្មភាព និង អាកប្បកិរិយាមិនសមរម្យ គឺមានលក្ខណៈរើសអើងជាតិសាសន៍ និង ហិង្សា ទាំងលើទីលាន និង តាមប្រព័ន្ធអនឡាញ ក្នុងការប្រកួតនាទីលាន Emirates កាលពីរដូវកាលមុន។

អ្នកគាំទ្រ១៤នាក់ ក្នុងចំណោម២៤នាក់នោះ ក៏ត្រូវបានស្ថាប័ន Premier League ដាក់ពិន័យមិនអោយចូលទស្សនាការប្រកួត របស់ក្លិបកាំភ្លើងធំ រហូតដល់ទៅ៣ឆ្នាំ ខណៈ១០នាក់ទៀត ត្រូវពិន័យរយៈពេល១ឆ្នាំ។

ទាក់ទិនការដាក់ពិន័យអ្នកគាំទ្រនេះដែរ នាយកគ្រប់គ្រងក្លិប Arsenal លោក Richard Garlick បានអោយដឹងថា ក្លិបនឹងបន្តប្រកាន់យកនូវវិធីសាស្រ្តដ៏តឹងរ៉ឹងមួយលើការរំលោភបំពាន និងការរើសអើង។

Arsenal បានបញ្ចប់ការប្រកួតក្របខណ្ឌ Premier League កាលពីរដូវកាលមុន ២០២៣-២៤ ក្នុងចំណាត់ថ្នាក់លេខ២ មាន៨៩ពិន្ទុ តិចជាងក្រុមជើងឯក Manchester City ២ពិន្ទុ។ ពួកគេនឹងចាប់ផ្តើមការប្រកួត ក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ នៅចុងសប្តាហ៍នេះ ដោយត្រូវទៅជួបក្រុម Wolverhampton Wanderers៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង