ក្លិប West Ham United បានចុះហត្ថលេខានាំយកខ្សែការពារ Aaron Wan-Bissaka ពីក្លិប Manchester United ក្នុងកិច្ចសន្យារយៈពេល ៧ ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
កិច្ចព្រមព្រៀងផ្ទេរនេះមានតម្លៃប្រហែល ១៥ លានផោន សម្រាប់កីឡាករវ័យ ២៦ ឆ្នាំដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេជាមួយ Manchester United ។
Wan-Bissaka បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិប Crystal Palace មុនពេលចូលរួមជាមួយ Manchester United ក្នុងឆ្នាំ ២០១៩ ។ រូបគេបានលេង ១៩០ ប្រកួតសម្រាប់ក្លិប Manchester United និងបានរួមចំណែកឈ្នះពានរង្វាន់ FA Cup កាលពីរដូវកាលមុន។
ជុំវិញការចូលរួមជាមួយ ក្លិបថ្មី West Ham United នេះដែរ Wan-Bissaka បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “វាមិនមែនជារឿងពិបាកសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយ West Ham ខ្ញុំរំភើប និងរីករាយដែលបាននៅទីនេះ។ ខ្ញុំស្ទើរតែមិនអាចរង់ចាំពេលវេលាបង្ហាញខ្លួនលើទីលានជាមួយក្លិបថ្មីរបស់ខ្ញុំនោះទេ។”
Aaron Wan-Bissaka បានមកចូលរួម Manchester United អំឡុងយុគសម័យនៃការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ដោយរូបគេបានក្លាយជាកីឡាករជម្រើសដំបូងរហូតមក មុនពេល លោក Solskjaer ចាកចេញពីតំណែងនៅឆ្នាំ២០២១។ កីឡាករអង់គ្លេសរូបនេះ បានបាត់បង់នាទីលេងរបស់ខ្លួន ក្រោយការមកកាន់តំណែងរបស់គ្រូបង្វឹកលោក Erik ten Hag នៅឆ្នាំ២០២២។
ដោយឡែក ក្លិប West Ham United ដែលជាក្លិបថ្មីរបស់ Aaron Wan-Bissaka បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ កាលពីរដូវកាលមុន។ ពួកគេនឹងចាប់ផ្តើមយុទ្ធនាការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដោយត្រូវស្វាគមន៍ Aston Villa នៅចុងសប្តាហ៍នេះដោយក្លិបក៏មានគ្រូបង្វឹកថ្មី លោក Julen Lopetegui ជាដឹកនាំការប្រកួត៕